Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា គ្មានទេការអន្តរាគមន៍សំខាន់ គឺអនុវត្តន៍តាមនីតិវិធីច្បាប់។ អះអាងបែបនេះ បន្ទាប់ពីលោកទទួលបញ្ជាពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ឲ្យអនុវត្តន៍តាមនីតិវិធីច្បាប់ ក្នុងនោះ ក៏មានការស្នើពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ផងដែរ។

ចំពោះសំណុំរឿងបាញ់បោះសេរីនៅភូមិគ្រឹះមេប៉ូលិសស្រុកខ្មែរ លោក ជួន សុវណ្ណ បានប្រាប់ Cam Post នៅរសៀលថ្ងៃទី១៩ ខែធ្នូនេះថា “ឯកឧត្តមអគ្គ បញ្ជាឲ្យអនុវត្តន៍តាមនីតិវិធីច្បាប់ យើងមិនខ្វល់រឿងអន្តរាគមន៍ទេ សំខាន់យើងអនុវត្តទៅតាមតែនីវិធីប៉ុណ្ណោះ

អធិការនគរបាលខណ្ឌ៧មករា លោក នេត ស៊ីថុន បញ្ជាក់ឲ្យដឹងដែរថា នៅពេលនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ពាក់ព័ន្ធមេធាវីបាញ់បោះនៅមុខភូមិគ្រឹះលោកផ្កាយ៤ នេត សាវឿន។ ប៉ុន្តែយ៉ាងណា លោកមិនបានលម្អិតលើសំណុំរឿងមួយនេះទេ ហើយក៏មិនបញ្ជាក់ពីពេលវេលាបញ្ជូនទៅកាន់តុលាការនៅពេលណានោះដែរ។

ហេតុការណ៍បាញ់បោះសេរីចំនួន២គ្រាប់ នៅមុខភូមិគ្រឹះលោក នេត សាវឿន កាលពីយប់មិញ ត្រូវបានគេរាយការណ៍មកថា ពេលនេះ កំពុងមានការអន្តរាគមន៍ ប៉ុន្តែការអន្តរាគមន៍ហាក់ចង្អៀតបន្តិច បន្ទាប់ពីមានបញ្ជាពីថ្នាក់លើ បានដាក់មកដាច់អហង្កាតែម្ដង។

តាមសេចក្ដីរាយការណ៍ លោកមេធាវី អ៊ិត ពិសិដ្ឋរង្សី សមាជិកក្នុងគណៈមេធាវីកម្ពុជា នៅបាំងតែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងត្រូវចូលរោងការរបស់ខ្លួន ពោល គឺក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ខាងមុខ។

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះ២នាក់ បានដាក់ពាក្យបណ្ដឹងលើមេធាវីរូបនេះផងដែរ ដែលបាញ់បណ្ដាលឲ្យជនរងគ្រោះឈ្មោះ លី តុលា ភេទប្រុស អាយុ២២ឆ្នាំ របួសត្រង់មេជើង និងឈ្មោះ សិទ្ធិ ភេទប្រុស ដែលត្រូវមេធាវីយកកាំភ្លើងភ្ជង់ក្បាលគំរាមសម្លាប់ នៅពេលជនរងគ្រោះព្យាយាមសុំជូនទៅផ្ទះ ដោយសារជាមនុស្សស្គាល់គ្នា។

លោកមេធាវី អ៊ិត ពិសិដ្ឋរង្សី កាលពីម៉ោងជាង១០យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ បានបើករថយន្តស៊េរីទំនើបរបស់ខ្លួនម៉ាក ឡិចស៊ីស LX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 ហើយបើកការបាញ់បោះចំនួន២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងដោយមិនដឹងមូលហេតុ នៅចំណុចមុខភូមិគ្រឹះនាយឧត្តមសេនីយ៍ នេត សាវឿន មេប៉ូលិសស្រុកខ្មែរ ដែលទល់មុខនឹងច្រកចូលពហុកីឡដ្ឋានជាតិអូឡាំពិក នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ ឲ្យដឹងថា ក្រោយការបាញ់បោះហើយនោះ ខ្មាន់កាំភ្លើងខាងលើរូបនេះ បានបោះសម្ដីមិនសមរម្យដាក់សមត្ថកិច្ចថា «ខ្លួនបាញ់២គ្រាប់លេង ហើយខ្លួនចង់បាញ់១០គ្រាប់ទៀត ក៏គ្មានបញ្ហាដែរ»។ បើទោះជាជននេះ អះអាង ឬសម្ញែងឫកធំ ឬអាងខ្នងយ៉ាងណាក៏ដោយចុះ កម្លាំងសមត្ថកិច្ចអន្តរាគមន៍នៅតែឃាត់ខ្លួន និងរថយន្តមួយគ្រឿង ព្រមទាំងដកហូតបានកាំភ្លើងខ្លីម៉ាក ឡុក ពណ៌ខ្មៅ១ដើម ដើម្បីយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលនៅមិនឆ្ងាយពីទីតាំងកើតហេតុ។

បើតាមប្រភពឲ្យដឹងថា ខ្មាន់កាំភ្លើងខាងលើនេះ មានឈ្មោះ អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ ជាមេធាវី មានសិទ្ធិប្រើប្រាស់កាំភ្លើងខ្លីម៉ាក Glock ផលិតនៅអាមេរិក រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រភពបន្តថា នៅមុនពេលកើតហេតុ មេធាវីរូបនេះ ទើបចេញស៊ីការកូនអ្នកកាសែតម្នាក់ ប្រចាំស្ថាប័នតុលាការក្រុងភ្នំពេញ ហើយមកបើកការបាញ់បោះ ដោយមិនដឹងមូលហេតុតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor