
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ខេត្តបាត់ដំបង ប្ដេជ្ញាបន្តជីវិតនយោបាយ ទោះរងការធ្វើទុក្ខបុកម្នេញពីបក្សកាន់អំណាច។ កញ្ញា អតីតចៅសង្កាត់អូរចារដ៏មានប្រជាប្រិយភាពរូបនេះ អះអាងថាយុទ្ធសាស្ត្រនយោបាយនៅពេលមេឃកំពុងភ្លៀងខ្លាំង ដែលមានផ្គរផង រន្ទះផងបែបនេះ គឺកញ្ញាត្រូវរកកន្លែងជ្រកសិន។ ឥឡូវព្យុះភ្លៀងនយោបាយកំពុងចាប់ផ្ដើមថមថយបន្តិចម្ដងវិញហើយ ក្រោយមានទណ្ឌកម្មពីអន្តរជាតិជាបណ្តើរៗ។ ក្នុងពេលកំពុងជ្រកភ្លៀងនេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ឆ្លៀតបើករបរលក់នំបញ្ចុក និងចំណីជាច្រើនមុខទៀត ប៉ុន្តែមិនលក់ឧត្ដមគតិជាដាច់ខាត។
បច្ចុប្បន្ន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បើអាហារដ្ឋានឈ្មោះ "រ៉ូហ្ស៊េត" នៅលើស្លាកយីហោអាហារដ្ឋាននេះ មានបិទពាក្យស្លោកថា “អាហារស្នាដៃអ្នកបាត់ដំបង” ដែលបើកលក់ចាប់ពីព្រឹកម៉ោង៦ ថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧នេះតទៅ។

មុខរបរថ្មីនេះ គឺចៅសង្កាត់អូរចារ ចាប់បើកដំណើរការក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ តាមច្បាប់តំណាងរាស្ត្រ មន្ត្រីក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សប្រឆាំងទាំងអស់លែងឲ្យបន្តធ្វើការបម្រើរាស្ត្រម្ចាស់ឆ្នោតបានតទៅទៀត ។ បក្សកាន់អំណាចបានផ្តល់ឱកាសឱ្យមន្ត្រីបក្សប្រឆាំងមកចុះចូលរួមជីវភាពនយោបាយជាមួយខ្លួនប៉ុន្តែកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏ដូចជាមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ ជាច្រើនផ្សេងទៀត សុខចិត្តក្រាញននៀលមិនព្រមលក់ឧត្ដមគតិ មិនព្រមក្បត់ឆន្ទៈម្ចាស់ឆ្នោត ទោះជាមានការអូសទាញ គំរាមកំហែង និងបំភិតបំភ័យឲ្យចុះចូលយ៉ាងណាក្តី។


