Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យ​ចូលតុលាការ ដើម្បីសាកសួរ ពីបទបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ដែលត្រូវពួកជនបរទេសចូលមកកាប់រុករានយកឈើអស់រាប់ពាន់ម៉ែត្រគូប ប៉ុន្តែអាជ្ញាធរដែនដីបែរជាធ្វើមិនដឹងមិនឮទៅវិញ។

តាមពិតទៅព្រះរាជអាជ្ញាអមតុលាការ បានកំណត់ឲ្យ​លោក ចឹង សុចន្ថា ចូលខ្លួនមកតុលាការនៅថ្ងៃទី៥ ធ្នូ ប៉ុន្តែលោក ចឹង សុចន្ថា បានសុំចូលខ្លួនមុនថ្ងៃកំណត់ ហើយលោក ងិន ពេជ្រ ព្រះរាជអាជ្ញារង ដែលទទួលបន្ទុកស៊ើបសួរសំណុំរឿងក្ដីនេះ បានអនុញ្ញាតឲ្យ​លោក ចឹង សុចន្ថា ចូលមកតុលាការមុនថ្ងៃកំណត់ ព្រមទាំងបានសាកសួរអស់ជាច្រើនម៉ោងនៅថ្ងៃទី៤ ធ្នូ ហើយក៏ឲ្យ​ត្រឡប់ទៅវិញនៅចុងម៉ោងរដ្ឋបាល ។

ជាការពិត នៅក្រោយពេលលោក ចឹង សុចន្ថា ចូលមកតុលាការឆ្លើយបំភ្លឺពាក់ព័ន្ធករណីបទល្មើសព្រៃឈើនៅក្នុងស្រុកកែវ សីម៉ា ខេត្តមណ្ឌលគិរីនោះ គ្មាននរណាម្នាក់ដឹងពីចម្លើយរបស់លោក ចឹង សុចន្ថា នៅតុលាការទេ ក្នុងនាមលោកជាអភិបាលរងខេត្តទទួលបន្ទុកសេដ្ឋកិច្ចនិងជាប្រធានគណកម្មការប្រឆាំងបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ។

តាមប្រភពព័ត៌មានមួយដែលប្រតិបត្តិការក្នុងសំណុំរឿងក្ដីនេះបានព្រលយឲ្យ​ដឹងថា ក្នុងពេលចូលមកបំភ្លឺនៅអយ្យ​ការ​អមតុលាការរាជធានីភ្នំពេញ ក្នុងនាមលោកជាប្រធានគណកម្មការប្រឆាំងបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី បានឆ្លើយថា លោកមិនដឹងរឿងពួកជនបរទេសចូលមកកាប់ឈើខ្មែរនៅក្នុងតំបន់អូរហ៊ុច អូរលៃ ក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីនេះទេ! ។ ចម្លើយនេះ ពិតជាមិនគួរឲ្យ​ជឿសូម្បីតែបន្តិច និងគួរឲ្យ​អាណិតប្រធានគណកម្មការប្រឆាំងបទល្មើសព្រៃឈើស្អីគេហ្នឹងណាស់ ប៉ុន្តែនេះជាសមត្ថកិច្ចរបស់តុលាការ ទុកឲ្យ​តុលាការដោះស្រាយតាមនីតិវិធីទៅចុះ។

គេចូលមកកាប់ឈើហ៊ុបធំៗរយៈពេល១ឆ្នាំពេញ មានរថយន្តរ៉េវរាប់សិបគ្រឿងដឹកជញ្ជូនទាំងថ្ងៃទាំងយប់ ឡើងរលាយហិនហោចព្រៃនៅក្នុងស្រុកកែវសីម៉ា បែរជាប្រធានគណកម្មការឆ្លើយថា អត់បានដឹង ។

តើគាត់ជាថ្នាក់ដឹកនាំ ដែលមានការទទួលខុសត្រូវដែរឬអត់ បើធ្វើការរបៀបហេងស៊យចឹងនោះ ? ​ ទោះបីយ៉ាងណា នៅក្នុងការហៅមកសាកសួរលោក ចឹង សុចន្ថា​ ត្រូវបាន​កោះហៅ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ ឆ្លងដែន​ខុសច្បាប់​ ប្រមូល​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​របស់​រដ្ឋបាល​ព្រៃឈើ​ ការ​នាំ​ចេញ​ឈើ​ទៅ​បរទេស​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ និង​ មិន​ប្តឹង​បរិហារបទ​ឧក្រិដ្ឋ​ ឬ​មជ្ឈិម​ដោយ​អ្នក​រាជការ​សាធារណៈ​ ។

សូមរំលឹកថា កាលពីព្រលឹមស្រាងៗព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបទីតាំងកាប់ផ្តួលរលំឈើហ៊ុប នៅតំបន់អូរហ៊ុច និងអូរលៃក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបទល្មើសជាក់ស្តែង ពីសកម្មភាពជនជាតិវៀតណាមដឹកជញ្ជូនឈើឆ្លងទៅវៀតណាម។ ក្នុងនោះឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងចាប់យករថយន្តបាកុង៨គ្រឿងទៀតផង ជាមួយឈើហ៊ុបជិត១០០កំណាត់។

រឿងក្ដីកាប់ឈើនេះត្រូវបានផ្ទេរសមត្ថកិច្ចមកសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការដោយសារអ្នកពាក់ព័ន្ធសុទ្ធតែជាមន្ត្រីធំៗក្នុងខេត្តមណ្ឌលគិរី រួមទាំងកងកម្លាំង​ប្រដាប់អាវុធ វរការពារព្រំដែន និងនគរបាលប៉ុស្តិ៍រដ្ឋាបាលអូហ៊ុច និងអូរលៃជាដើម ។

កាលពីថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសពួកជនជាតិវៀតមណាម៧នាក់ ដែលចូលមកកាប់ឈើខ្មែរក្នុងស្រុកកែវសីម៉ានោះដាក់ពន្ធនាគារក្នុងម្នាក់ៗ១៨ខែ និងពិន័យប្រាក់ក្នុងម្នាក់៥០លានរៀលបង់ចូលថវិការរដ្ឋ ។

ចំណែកក្រុមមន្ត្រីខ្មែរដែលជាប់ពាក់ព័ន្ធ ត្រូវបានបំបែកសំណុំរឿងមួយផ្សេងទៀត ដោយរឿងក្ដីនេះស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង ងិន ពេជ្រ ជាអ្នកសាកសួរ ហើយកន្លងមក តុលាការបានកោះហៅលោក សាក់ សារ៉ាង អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មកធ្វើការសាកសួររួចហើយ និងបន្តកោះហៅលោក ច្រឹង ចន្ថា អភិបាលរងខេត្តមណ្ឌលគិរីទទួលបន្ទុកសេដ្ឋកិច្ចដើម្បីសាកសួរ ។

បើតាមប្រភពព័ត៌មាន បានបញ្ជាក់ទៀតថា មានមន្ត្រីធំគ្រាក់ៗនៅក្នុងខេត្តមណ្ឌលគិរីប្រមាណជិត៣០នាក់ នឹងត្រូវតុលាការកោះហៅឲ្យ​ចូលខ្លួនមកតុលាការ ដើម្បីសាកសួរ រឿងអនុញាតឲ្យ​យួនចូលមកកាប់ឈើខ្មែរក្នុងខេត្តមណ្ឌលគិរីនេះ ។

ក្នុងតុលាការខ្មែរកាលពីខែវិច្ឆិកាកន្លងទៅ ពួកជនជាតិវៀតណាម៧នាក់ ដែលត្រូវចាប់ខ្លួនបានសារភាពថា នៅក្នុងអំឡុងពេល១ឆ្នាំ ដែលពួកគេចូលមកកាប់ឈើក្នុងដីខ្មែរ មានឈើមូលប្រមាណជាង១០០០ឡាន​ ត្រូវពួកគេកាប់ដឹកចេញទៅប្រទេសវៀតណាម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor