
ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់ចំពោះក្នុងបន្ទប់ជួល បណ្ដាលឲ្យស្លាប់ពាក់កណ្ដាលផ្លូវ ពេលបញ្ចូនដល់មន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរស់នៅក្បែគ្នា កាលពីវេលាម៉ោង១២៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃសៅ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួលលេខ102 ក្រុម៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
នារីរងគ្រោះមានឈ្មោះ សេក ស៊ីយា អាយុ១៦ឆ្នាំ មុខរបរនៅKTV ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមសម្ដីអ្នកជិតខាង ដែលរស់នៅក្បែរបន្ទប់នារីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា គេសង្កេតឃើញជាទន្លាប់នារីរងគ្រោះរាល់ថ្ងៃពេលល្ងាច តែងតែទៅធ្វើការ តែនៅយប់ថ្ងៃកើតហេតុ គេមិនឃើញនារីរងគ្រោះចេញទៅធ្វើការឡើយ និងសង្កេតឃើញមានមនុស្សប្រុសម្នាក់ ចេញចូលក្នុងបន្ទប់ជួលនារីរងគ្រោះ តែពួកគាត់មិនចាប់អារម្មណ៍ ព្រោះគិតថាពួកគេជាសង្សានិងគ្នា ។ លុះនៅម៉ោងកើតហេតុ គេលឺសូរសម្លេងព្រួសព្រះ និងលឺនារីរងគ្រោះស្រែកឲ្យជួយផងៗ ពេលនោះអ្នកជិតខាងបានចេញមកក្រៅ ស្រាប់តែឃើញនារីរងគ្រោះដេកដួលមុខបន្ទប់ក្បែរគ្នា សន្លប់ស្ដូកស្ដឹងទៅហើយ ដោយឃើញមានស្នាមរបួសត្រង់ដៃ និងចំពោះ ហើយក៏មិនឃើញជនបង្កហេតុនោះដែរ។

ក្រោយកើតហេតុភ្លាមៗ អ្នករស់នៅជិតខាង បានហៅរ៉ឺម៉កម៉ូតូដឹកនារីរងគ្រោះទៅកាន់មន្ទីរពេទ្យលោកសង្ឃ តែអកុសល នារីរងគ្រោះ បានស្លាប់បាត់បង់ជីវិតពាក់កណ្ដាលផ្លូវទៅហើយ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ជនបង្ក និងបំពេញឯកសារប្រគល់សពឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕





