
អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានថា៖ ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ និងឯកឧត្តម រស់ សុផាន់ រដ្ឋលេខាធិការមុខងារសាធារណៈ ដើម្បីទំនាក់ទំនងទូរស័ព្ទឆបោកទារប្រាក់ពីមន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានមុខតំណែងក្នុងគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងមុខតំណែងមួយចំនួនទៀតក្នុងចរនាសម្ព័ន្ធសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាផ្នូរនឹងការជួយសម្រួលក្នុងការតែងតាំងមុខតំណែង ឬដំឡើងថ្នាក់ និងឋានន្តរស័ក្កិរបស់សាមីខ្លួនម្នាក់ៗ។
សេចក្តីប្រកាសព័ត៌មានបានស្នើកុំជឿតាមការឆបោកនេះ ហើយសូមជួយផ្សព្វផ្សាយពីករណីនេះឱ្យបានទូលំទូលាយ ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើង សូមរាយការណ៍ជាបន្ទាន់មកលេខទូរស័ព្ទ ០១២ ៨៥២ ៧៨៧ និង ០១២ ៨២២ ២៨០ ។
