
ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក អូឌី A7 មួយគ្រឿង បានបើកយ៉ាងលឿន ហើយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករង្វង់មូលវត្តភ្នំ និងផ្លោងឡើងលើបុកដើមគគីថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖១០នាទី ទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ជាប់នឹងរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់ ជាជនជាតិខ្មែរ បានបើករថយន្តបង្កម៉ាក អូឌី A7 ពណ៌ស គ្មានស្លាកលេខ ដោយសង្ស័យស្រវឹងស្រា បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់រង្វង់មូលវត្តភ្នំ ដែលជាផ្លូវកោង ហើយអ្នកបើកបរបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកនឹងរង្វង់មូលវត្តភ្នំ ហើយផ្លោងទៅបុកដើមគគី ដែលនៅលើសួនថែមទៀត បណ្ដាលឲ្យរថយន្តកល់ជាប់ជាមួយដើមឈើ រងការខូចខាតយ៉ាងដំណំ។ សំណាងល្អអ្នកបើកបរមិនរងរបួស។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍វត្តភ្នំ បានចុះឃាត់អ្នកបើកបរយកមកទុកនៅប៉ុស្ដិ៍ ដើម្បីធ្វើការត្រួតពិនិត្យជាតិអាកុល ហើយទំនាក់ទំនងទៅជំនាញចរាចរណ៍ខណ្ឌ ឲ្យចុះមកធ្វើការវាស់វែងរថយន្តបង្កខាងលើ យកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយជាមួយម្ចាស់រថយន្តបង្កតាមផ្លូវច្បាប់នៅពេលក្រោយ៕



