
ភ្នំពេញៈ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ធ្នូ ឆ្នាំ ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក និងលាងលុយកង្វក់ តាមរូបភាពបង្វិលប្រាក់ពីក្រៅប្រទេសចូលមកកម្ពុជា រួចបង្វិលពីកម្ពុជា ទៅក្រៅប្រទេសវិញ ដែលមានទឹកប្រាក់ប្រមាណជាង៩០ ម៉ឺនដុល្លារ។
ជនសង្ស័យឈ្មោះ GOO DLUCKOMOBIA អាយុ៣៥ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា។
កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន បានបើកការសើបអង្កេតស្រាវជ្រាវ រហូតដល់ការ ឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ គឹម ស្រីខួច ដែលស្រ្តីម្នាកើនេះ បានទៅដកលុយពីធនាគារមួយ ។ បន្ទាប់ពីឃាត់ខ្លួន គឹម ស្រីខួច បានសារភាពថា កាលពីអំឡុងឆ្នាំ២០១៣ ឈ្មោះ GOO DLUCKOMOBIA ជាមិត្តភក្តិ របស់ប្តីខ្លួនឈ្មោះ BELLO បានពឹងឲ្យខ្លួន បើកគណនីធនាគារមួយចំនួន នៅរាជធានីភ្នំពេញ ។ បន្ទាប់ពីបានបើកគណនីរួចហើយឈ្មោះ GOO DLUCKOMOBIA បានផ្ញើលេខគណនីទាំងអស់នេះទៅអាមេរិក ។

ក្រោយមកអ្នកនៅអាមេរិក បានផ្ញើប្រាក់មកវិញចូលគណនីធនាគារ ដែលខ្លួនបានបើកទាំងអស់នោះ ហើយឈ្មោះ GOO DLUCKOMOBIA ក៏បានផ្ញើប្រាក់ ទាំងនោះទៅអាមេរិកវិញ ។ បានចម្លើយជាក់លាក់នេះហើយ សមត្ថកិច្ចបន្តទៅឃាត់ខ្លួនឈ្មោះ GOO DLUCKOMOBIA កាលពីថ្ងៃទី១ ធ្នូ ២០១៧ ។ ក្រោយឃាត់ខ្លួន GOO DLUCKOMOBIA សមត្ថកិច្ចក៏បានធ្វើការដោះលែងឈ្មោះ គឹម ស្រីខួច ឲ្យមានសេរីភាពវិញ និងបានបញ្ជូនឈ្មោះ GOO DLUCKOMOBIA ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។
ក្នុងនោះក្រោយពីបានសាកសួររួចតំណាងអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់ជនសង្ស័យពីបទឆបោកនិងលាងលុយ ហើយបញ្ជូនជនត្រូវចោទអោយចៅក្រមចាត់ការបន្តតាមនីតិវិធី រហូតដល់ថ្ងៃទី ០៥ធ្នូនេះ ចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបើកការសើបសួរបន្តនៅពេលក្រោយ៕