អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជំរាបជូនដំណឹង ដល់សាធារណជន ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា៖ អាជ្ញាធរប្រទេសបារាំង (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានចេញបទបញ្ជា ស្តីពីការព្យួរការនាំចេញ និងការធ្វើចរាចរណ៍លើទីផ្សាររយៈពេល១ឆ្នាំ ចំពោះម្សៅទឹកដោះគោ ដែល ផលិតដោយ ក្រុមហ៊ុន GROUPE LACTALiS។
ជាងនេះទៅទៀត អាជ្ញាធរបារាំង បានបញ្ជាឱ្យប្រមូលត្រឡប់ចូលស្តុកវិញនូវផលិតផល ចិញ្ចឹមទារក និងកុមារតូចៗ (ម្សៅទឹកដោះគោ…) ដែលផលិតដោយក្រុមហ៊ុន GROUPE LACTALiS បន្ទាប់ពីមានបញ្ហាសុខភាព បានកើតឡើងចំពោះទារក និងកុមារតូចចំនួន២៦នាក់ ហើយលទ្ឋផលនៃការវិភាគរបស់ មជ្ឈមណ្ឌលបង្អែកជាតិប្រទេសបារាំង (National Reference Center: Institute Pasteur, Paris) បានបង្ហាញថា ម្សៅទឹកដោះគោនេះ មានការចម្លង បាក់តេរី Salmonella Agona ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។
វត្តមានបាក់តេរី Salmonella ក្នុងផលិតផលខាងលើនេះ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារក និងកុមារតូចៗ ដោយបង្កឲ្យមានជំងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន ។ ល។ ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការរួមមាន ៖
- រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយខាងលើ ។
- ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយ មិនឱ្យមាននំាចូល និងធ្វើចរាចរលើទីផ្សារ។
-ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការ តាមនីតិវិធីប្រសិនបើ មានការដាក់តាំងលក់៕


