
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្តែងការសោកស្តាយ ចំពោះការផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប(EU) សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ នេះបើតាមអគ្គលេខាធិការរងគ.ជ.ប.។
លោក សោម សូររីដា អគ្គលេខាធិការរងគ.ជ.ប. បានឲ្យដឹងនារសៀលថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១០១៧នេះថា គ.ជ.ប. សោកស្តាយចំពោះសហគមន៍អឺរ៉ុប ដែលបានផ្អាកក្នុងការផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា។
លោកបញ្ជាក់ថា «យើងមានការសោកស្តាយ នៅពេលសហគមន៍អឺរ៉ុបប្រកាសផ្អាក ជំនួយមកគ.ជ.ប សម្រាប់កម្ពុជាក្នុងការដំណើរការបោះឆ្នោត»។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអះអាងថា ទោះបីជាសហគមន៍អឺរ៉ុបបានប្រកាសព្យូរ ក្នុងការផ្តល់ជំនួយមកម្ពុជាយ៉ាងណាក្តី លោក សោម សូររីដា បានគូសបញ្ជាក់ថា គ.ជ.ប. នៅតែដំណើរដដែល។
លោកសង្កត់ធ្ងន់ថា «យើងមានលទ្ធភាព និងត្រៀមគ្រប់គ្រាន់រួចអស់ហើយ នូវអ្វីដែលយើងត្រូវការសម្រាប់ការបោះឆ្នោយសម្រាប់ឆ្នាំ២០១៨ ។ បានន័យថា ទំាងថវិកា សម្ភារ ធនធានមនុស្ស យើងបានត្រៀមរៀបចំគ្រប់គ្រាន់រួចហើយ។ បោះឆ្នោតសមាជិកព្រឹទ្ធសភា យើងត្រៀមថវិកាជាង២លានដុល្លារ ហើយជ្រើសតំាងអ្នកតំាងរាស្ត្រ យើងត្រៀមថវិកា ជាង៥២លានដុល្លារ។ អីញ្ចឹង ចំនួនទឹកប្រាក់នេះ មិនចំណុះសហភាពអឺរ៉ុបនោះទេ ប៉ុន្តែចង់បញ្ជាក់ថា ថ្វីត្បិតតែសហគមន៍អឺរ៉ុប បិទព្យួរជំនួយក៏ពិតមែន តែមានប្រទេសជាមិត្តមួយចំនួន បាន និងបន្តគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតរបស់គ.ជ.ប មានប្រទេសជប៉ុ ន ចិន រុស្សី និងប្រទេសផ្សេងទៀង។ អីញ្ចឹងការប្រកាសផ្អាកជំនួយរបស់ EU មិនប៉ះពា ល់ដល់ដំណើរការៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨នោះទេ »៕
