Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ បុរសជាជនជាតិវៀតណាម២នាក់ ស្លាប់ និងរបួសធ្ងន់ ក្រោយត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធ មុនី បើកបុកយ៉ាងពេញទំហឹង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧ និង៣០នាទីយប់ នៅចន្លោះគីឡូម៉ែតលេខ ៣០-៣១ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យថា នៅវេលាកើតហេតុខាងលើ មានម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី Smas-V ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CL-8261 បើកបរដោយឈ្មោះ សុខ តឿ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល (របួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ង្វៀវ យ៉ាំងហ៊ុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម  មុខរបរអ្នកលក់កាហ្វេ រស់នៅភូមិ ព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តក្រុង១គ្រឿង ម៉ាក Hyundai ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-2755 របស់ក្រុមហ៊ុន រិទ្ធ មុនី (RMN) ជ្រុលបុករុញម៉ូតូពីខាងក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់តែម្តង។ ចំណែកអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរបានចុះទៅអន្តរាគមន៍វាស់វែង និងបញ្ជូនជនរងរបួសទៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្តក្រុងបង្ក សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី ខណៈសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor