ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានថ្លែងថា នៅលោកនេះ គ្មានប្រទេសណាមួយ ដែលដោះលែងអ្នកទោសក្បត់ជាតិ ដូចលោក កឹម សុខា ហើយយុទ្ធនាការទាមទារឲ្យដោះលែង លោក កឹម សុខា នោះ គ្មានផ្លូវធ្វើតាមឡើយ។
អង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានចាប់ផ្តើមយុទ្ធនាការទាមទារឲ្យមានការដោះលែង លោក កឹម សុខា ក្រោយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់រកឃើញជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ។
អង្គការអន្តរជាតិក៏បានស្នើឲ្យមានការអនុញ្ញាត លោក កឹម សុខា អំឡុងពេលជាប់ពន្ធនាគារ ជួបមេធាវី ក្រុមគ្រួសារ និងទទួលបានការថែទាំសុខភាពដោយឥតមានការរឹតបន្តឹង។ ក្នុងនោះឲ្យសកម្មជននយោបាយទាំងអស់អាចធ្វើសកម្មភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួន ឬការរំខាន់។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន្ត បានថ្លែងតាមរយៈតេឡេក្រាមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ថា “ការដាក់កម្រិតឲ្យមានការដោះលែង កឹម សុខា តើផ្អែកលើកត្តាអ្វី? បើ កឹម សុខា ផ្ទាល់ខ្លួនបាននិយាយខ្លួនឯងថា បានធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា រំលងការប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យ តាមបញ្ជាពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលជាអំពើក្បត់ជាតិ។ តើនៅលើលោកនេះ មានប្រទេសណា ដោះលែងជនក្បត់ជាតិ មិនឲ្យទទួលទោសដែរឬទេ?”។
លោកបន្តថា ក្នុងរយៈពេលនីតិវិធីរបស់តុលាការក្នុងមន្ទីរឃុំឃាំង ក្រុមគ្រួសារ និងមេធាវីស្របច្បាប់ ត្រូវបានអនុញ្ញាតឲ្យជួបប្រាស្រ័យជាមួយជនជាប់ចោទបាន ស្របតាមបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរឃុំឃាំង និងនីតិវិធីរបស់តុលាការ ក្នុងក្របខណ្ឌគោរពសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ៕
