Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ បទល្មើសព្រៃឈើបច្ចុប្បន្នកំពុងនៅមានការចរាចរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ទោះមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខ្លះ បានដាក់កម្លាំងពង្រាយដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបក៏ដោយ​ ប៉ុន្តែអ្នកជំនាញខ្លះអះអាងថា​ ឈើទាំងនោះ ស្របច្បាប់មានលិខិតអនុញ្ញាតត្រឹមត្រូវ។

តាមសេចក្តីរាយការណ៍​ គំនរឈើរាប់ពាន់កំណាត់ ត្រូវឈ្មួញប្រមូលចេញពីដងទន្លេសេសាន្ត ស្ថិតក្នុងស្រុកវើនសៃ កាលពីម៉ោង៤៖៣០នាទី ល្ងាចថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំកុក​ ឃុំប៉ុង​ ស្រុកវើនសៃ​ ​ខេត្តរតនគិរី។ រហូតដល់ម៉ោង១០យប់មិញ ឈើទាំងនេះត្រូវបានដឹកចេញ​តាមច្រកអូរយ៉ាដាវ ឆ្ពោះទៅលក់នៅប្រទេសវៀតណាម ហើយករណីនេះ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា នឹងបញ្ជាឲ្យមូលដ្ឋានពិនិត្យមើល។

គំនរឈើដែលគេប្រទះឃើញនោះ ត្រូវបានគេប្រាប់ថា​ ជាឈើរបស់ក្រុមឈ្មួញដែលបានប្រមូលទិញពីក្នុងព្រៃដែនជម្រកសត្វទោច ជាយឧទ្យានជាតិវិរៈជ័យ ជាប់ព្រំប្រទល់ខេត្តរតនគិរី និងស្ទឹងត្រែង ហើយមួយចំនួនទៀត ចេញពីតំបន់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង​។

សេចក្តីរាយការណ៍ បន្តទៀតថា​ ក្រោយពេលឈ្មួញប្រមូលទិញបាន ពួកគេបានដឹកតាមគោយន្តច្នៃមកគរស្តុបទុកនៅតាមផ្ទះ និងមួយចំនួនជញ្ជូនបន្តទៅលាក់ទុកនៅមាត់កំពង់ទឹក ក្នុងភូមិប៉ាកាឡាន់​​ ឃុំប៉ាកាឡាន់​​ ស្រុកវើនសៃ ខេត្តតនគិរី ទាំងថ្ងៃទាំងយប់។

សេចក្តីរាយការណ៍បញ្ជាក់ថា ឈើទាំងនេះ មានឈ្មួញឈ្មោះ ប៊ុល​ វិសាល និងលោក ណាក់ ក្បាលធំ ដែលមានឈ្មួញដ៏មានឥទ្ធិពលនៅពីក្រោយ ឈ្មោះ ហូវ ជីវ៉ៃ។

ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វាអូរយ៉ាដាវនេះ​ អង្គភាព​សារព័ត៌មាន​ Cam Post មិនអាចសុំការពន្យល់ឲ្យលម្អិតពីមន្រ្តីរដ្ឋបាលព្រៃឈើ បានទេ នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ។ ដោយឡែក លោក អ៊ី ចំរើន ប្រធានច្រកទ្វាអូរយ៉ាដាវ ក៏មិនអាចទំនាក់ទំនងបានដែរ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បញ្ជាក់ថា​ “ទម្លាប់​ខ្ញុំអត់សម្ភាសន៍តាមទូរស័ព្ទទេ... ឲ្យភ្នាក់ងារមកកន្លែងខ្ញុំមក​...”

ចំពោះករណីចរាចរឈើចេញពីខេត្តរតនគិរី ទៅលក់នៅប្រទេសវៀតណាម នេះ​ លោក​ សៅ​ សុខា​ នឹងពិនិត្យមើលបន្ថែម។ ប៉ុន្តែលោកមិនទាន់ទទួលបានរបាយការណ៍ ឬព័ត៌មាននេះទេ ក្នុងនាមលោកជាប្រធានគណៈកម្មការបង្រ្កាបបទល្មើស។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍​ សៅ​ សុខា​ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រាប់​ Cam Post ថា​ លោកនឹងឆែកទៅមូលដ្ឋានជុំវិញរឿងនេះ​ ប៉ុន្តែលោកមិនប្រាកដថា​ មានច្បាប់ ឬអត់ច្បាប់ ពីព្រោះបទល្មើសព្រៃឈើ​ អ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ គឺក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ ដោយបទល្មើសព្រៃឈើ​ មានពីរ មួយអត់ច្បាប់ មួយមានច្បាប់ ពិសេស គឺពិបាកអ្នកបង្រ្កាប​។

លោក​ សៅ​ សុខា “ឈ្មួញខ្លះឲ្យតែបានដឹក គឺដឹកលើស​ ដឹកបន្ថែម​ គឺពិបាកណាស់​... បើមិនឲ្យកាត់តែម្តង​ គឺស្រួលណាស់ ដូចគ្រឿងញៀនចឹង មានច្បាប់ក៏មិនឲ្យ អត់ច្បាប់ក៏មិនឲ្យ​“

ជាមួយគ្នា នាយឧត្តមសេនីយ៍​ សៅ​ សុខា បានចាត់ទុកថា​ ក្រសួងជំនាញអនុញ្ញាតឲ្យអ្នករកស៊ីឈើ​ មានឃ្លាំងរក្សាទុកឈើនៅតំបន់ជាប់ព្រំដែន គឺជាការបន្លំ ហើយលោកណែនាំថា យល់ល្អគួរអនុញ្ញាតឲ្យយកទៅរក្សាទុកនៅកំពង់សោម ឬកំពង់ស្ពឺវិញ។

ទោះជាបែបណាក៏ដោយ បច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើនៅខេត្តជាយប្រទេសមួយចំនួន ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ត្រូវបានគេរាយការណ៍មកថា បាន និងកំពុងចរាចរយ៉ាងរលូនទៅលក់នៅប្រទេសវៀតណាម ហើយខ្លះមានរូបភាពដូចហែកឋិនតែម្ដង។ សកម្មភាពទាំងនេះ ត្រូវបានមជ្ឈដ្ឋានមហាជនរិះគន់ចំពោះអាជ្ញាធរក្នុងតំបន់ផងដែរ ប៉ុន្តែអាជ្ញាធរបានបដិសេធ ហើយថា ជារូបភាពគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ដែលជនខិលខូចធ្វើឡើងក្នុងគោលបំណងចង់បង្កចលាចលក្នុងសង្គម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor