Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្ស ហ៊្វុន ស៊ិនប៉ិច បានធ្វើលិខិតមួយច្បាប់ដោយបដិសេធថា ខ្លួនពុំដែលទទួលជំនួយហិរញ្ញវត្ថុពីគណបក្សកុម្មុយនីស្តចិននោះឡើយ ហើយក៏បានឆ្លៀតឱកាសនេះ បំភ្លឺអំពីទំនាក់ទំនងខ្លួនជាមួយគណបក្សកុម្មុយនីស្តចិនផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច បានបញ្ជាក់យ៉ាងច្បាស់ថា រហូតដល់ពេលនេះ គណបក្ស ហ៊្វុន ស៊ិនប៉ិច មិនដែលទទួលបានជំនួយហិរញ្ញវត្ថុម្តងណាឡើយ ពីគណបក្សកុម្មុយនីស្តចិន។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយអ្នកវិភាគ និងសារព័ត៌មានមួយចំនួន ទៅលើបន្ទូលរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ក្នុងជំនួបជាមួយប្រតិភូចិន ដែលដឹកនាំដោយលោក វ៉ាង វៃគួង ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចិន នៅសណ្ឋាគារ Intercontinental កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងជំនួបនាពេលនោះ សម្តេចក្រុមព្រះ  បានដាក់ខ្លួនជាគណបក្សក្រីក្រ ហើយស្នើឲ្យភាគីចិន ជួយឧបត្ថម្ភដល់គណបក្ស ហ៊្វុន ស៊ិនប៉ិច ដែលកំពុងខ្សត់ខ្សោយខ្លាំង ខណៈដែលបក្សមួយនេះ កំពុងឈរនៅលេខរៀងជាបក្សធំ២ នៅក្នុងប្រទេសកម្ពុជា ក្រោយតុលាការកំពូល កាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែត្រូវបានលោក មាស នី ដែលជាអ្នកវិភាគ បានចាត់ទុកថា គឺខុសនឹងច្បាប់គណបក្សនយោបាយថ្មី ហើយបានប្រៀបធៀបទៅនឹងករណីរំលាយគណបក្សសង្រ្គោះជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍បស់គណបក្ស ហ៊្វុន ស៊ិនប៉ិច បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា “គណបក្ស ហ៊្វុន ស៊ិនប៉ិច ពុំដែលបានទទួលវិភាគទាន គឺជំនួយជាហិរញ្ញវត្ថុពីបក្សកុម្មុយនីស្តចិន ម្តងណាឡើយ ហើយបក្សកុម្មុនីស្តចិន ក៏មិនដែលផ្តល់វិភាគទានខាងលើដល់គណបក្ស ហ៊្វុន ស៊ិនប៉ិច នោះដែរ”

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានបញ្ជាក់ទៀតថា នៅក្នុងជំនួបជាមួយភាគីចិន នៅសណ្ឋាគារ Intercontinental សម្តេចក្រុមព្រះ បានមានព្រះបន្ទូលប្រាប់ចិន ពីចំណងមេត្រីភាពរវាង ព្រះបរមរតនកោដ្ឋ ជាមួយថ្នាក់ដឹកនាំគ្រប់ជំនាន់របស់បក្សកុម្មុយនីស្តចិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor