ភ្នំពេញៈ កញ្ញា កឹម សម្មាតធីតា កូនស្រីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារនៅត្រពាំងថ្លុង បានអះអាងថា ក្រុមហ៊ុនយក្សអាមេរិក Walmart យល់ព្រមពង្រីកការទិញទំនិញនៅកម្ពុជា អាស្រ័យលើស្ថានភាព បរិយាកាសពាណិជ្ជកម្ម និងស្ថេរភាពនយោបាយ និងនីតិរដ្ឋ។
កញ្ញា កឹម សម្មាតធីតា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក កញ្ញាបញ្ជាក់ថា «មានព័ត៌មានមួយចំនួនបកស្រាយអត្ថន័យលិខិតមួយនេះ ក្នុងន័យបន្លំ ដោយលើកឡើងថា ក្រុមហ៊ុន Walmart យល់ព្រមទិញទំនិញបន្ថែមពីកម្ពុជា។ នៅក្នុងលិខិតមួយនេះពុំមានការនិយាយដូច្នោះឡើយ ផ្ទុយទៅវិញនៅក្នុងកថាខ័ណ្ឌ ដែលមានបន្លិច ពណ៌លឿងក្នុងលិខិតខាងក្រោមនេះ ក្រុមហ៊ុន Walmart បានបញ្ជាក់ថា «ការពង្រីករបស់យើងនៅកម្ពុជា គឺអាស្រ័យលើបរិយាកាសពាណិជ្ជកម្ម ស្ថេរភាព ការអាចព្យាករណ៍បាន និងនីតិរដ្ឋ...។
កញ្ញា បន្តថា អតិថិជនរបស់យើង តម្រូវឲ្យយើងមានស្តង់ដារខ្ពស់ និងចាប់អារម្មណ៍ទៅលើល័ក្ខខណ័្ឌសង្គម និងការងារនៅប្រទេស ដែលជាប្រភពនៃផលិតផលរបស់យើង។ ដោយហេតុនេះហើយ យើងសូមឲ្យរដ្ឋាភិបាលរបស់អ្នកបន្តកែលម្អល័ក្ខខ័ណ្ឌការងារកម្មកររោងចក្រកម្ពុជា និងប្រព្រឹត្តទៅលើរដ្ឋាភិបាលរបស់យើង(រដ្ឋាភិបាលអាមេរិក) និងសង្គមស៊ីវិលដោយភាពយុត្តិធម៌។
សរុបមក លិខិតមួយនេះ គឺជាការដាស់តឿនឲ្យរាជរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិកម្មករ និងសង្គមស៊ីវិល ហើយកុំឲ្យវាយប្រហារទៅលើរដ្ឋាភិបាលរបស់គេ ពោលគឺរដ្ឋាភិបាលអាមេរិក៕

