បន្ទាយមានជ័យៈ ព្រោះតែស្រីស្នេហ៍មិនព្រមជក់ថ្នាំញៀនជាមួយ ប្រុសស្នេហ៍ដែលមានភេទដូចគ្នា បានវាយលើផ្ទៃមុខនឹងភ្នែក បណ្តាលឲ្យរងរបួស ហើយនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ត្រូវប៉ូលិសក្រុងប៉ោយប៉ែត ចាប់ខ្លួនអ្នកបង្កក្រោយពីទទួលបានពាក្យបណ្តឹងនារីរងគ្រោះ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ឈ្មោះ វ៉ា វិចិត្រ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ ជាកម្មករ បានអះអាងនៅចំពោះមុខសមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណ១២យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ខ្លួនត្រូវបានស្ត្រីម្នាក់ ដែលតែងខ្លួនជាប្រុស(ខ្ទើយ)ឈ្មោះ ហ៊ុម លក្ខណា ហៅល័ក្ខ អាយុ២៧ឆ្នាំ ស្នាក់ជាមួយគ្នា វាយធ្វើបាបនឹងដាល់ បណ្តាលឲ្យជាំភ្នែក គ្រាដែលសុំលុយ១០០០បាត មិនបាននឹងមិនព្រមជក់ថ្នាំញៀនជាមួយ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានចុះទៅធ្វើការឆែកឆេរ ក្នុងបន្ទប់ស្នាក់នៅខាងលើ បានរកឃើញឧបករណ៍ជក់ថ្នាំញៀនមួយចំនួន នឹងបានឃាត់ខ្លួនយកមកសួរនាំតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលខ្លួនជាប្រុស បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀន ជាច្រើនខែមកហើយ ។ ហើយអ្វីដែលខ្លួនឈានដល់ការវាយលើស្ត្រីរងគ្រោះ គឺមកពីសុំលុយ១០០០បាតទិញថ្នាំញៀនថែមមិនបាន។
បន្ទាប់ពីបានទទួលបានចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

