
ភ្នំពេញៈ ដើម្បីមានសិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ របស់អតីតគណបក្សសង្គ្រោះជាតិសម្តេចតេជោ ហ៊ុន សែន បានបើកប្រកាសឲ្យអតីតបក្សប្រឆាំង ដែលត្រូវតុលាការកំពូលរំលាយបង្កើតគណបក្សនយោបាយមួយថ្មី។
សម្តេចតេជោ ហ៊ុន សែន បានសសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ថា ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិតដដែលជាដដែល អំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សារជាថ្មីថា អតីតបក្សដែ ល ត្រូវបានរំលាយហើយ (សង្រ្គោះជាតិ) ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។
សម្តេច បញ្ជាក់ថា «ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសារជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗ ដែលអាចមានប្រយោជន៍ ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន»។
នៅក្នុងបណ្តាញសង្គមដែលសម្តេច ក៏បានបញ្ជាក់ដែរថា «ខ្ញុំសូមបញ្ជាក់ផងដែរ អំពីជំហរដឹកនាំប្រទេស ដែលមានរូបខ្ញុំជានាយករដ្ឋមន្រ្តី ដែលតំណាងឲ្យជាតិសាសន៍មួយ គឺស្អប់ ខ្ពើមណាស់ចំពោះការឈ្លានពានរបស់បរទេស ដែលបំពានមកលើអធិបតេយ្យភាព និងឯក រាជភាពរបស់ប្រទេសយើង ហើយដែលធ្លាប់បានកើតឡើងកន្លងមក។ មិនដូចបុគ្គលខិលខូច មួយក្រុមតូច ដែលមិនគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិហើយធ្វើតាមការបង្វឹលរបស់បរទេស»។

សម្តេច ក៏បានលើកឡើងថា បរទេសណាក៏ដោយ ត្រូវគិតពិចារណាថា តើគេចង់មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយបុគ្គល១ក្រុម ឬជាមួយរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសមួយ? តើគេចង់មានទំនាក់ទំនងល្អជាមួយបុគ្គលមួយក្រុមតូច ឬជាមួយប្រជាពលរដ្ឋមួយប្រទេស? ខ្ញុំនឹងបន្តខិតខំដើម្បីឲ្យកូនក្មួយមានការងារធ្វើ និងមានប្រាក់ខែល្អសមរម្យ ដើម្បីយើងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
សូមជម្រាបអតីតគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង ត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រមទំាងមិនអនុញ្ញាតឲ្យមន្ត្រីចំនួន១១៨រូប ធ្វើនយោបាយរយៈពេល៥ឆ្នាំទៀតផង។
ក្រោយពីការរំលាយគណបក្សប្រឆាំងនេះ ត្រូវមានប្រទេសមួយចំនួនបានសម្តែងការសោកស្តាយ និងបានស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការឲ្យមានគណបក្សប្រឆាំងចូលរួមបោញឆ្នោតនៅពេលខាងមុខនេះផងដែរ៕