Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកចៅក្រម អ៊ី ថាវរៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ធ្នូឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោកឧកញ៉ា ប៊ុន ស៊ីថា ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពិន័យជាប្រាក់ចំនួន២លានរៀល បង្គាប់ឲ្យ​សងប្រាក់ដើម ១ ៨៩៩ ០០០ដុល្លារ និងឲ្យ​សងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ ក្រោមការវោទប្រកាន់ពីបទឆបោកប្រាក់។

សេចក្ដីសម្រេចនេះបើកផ្លូវឲ្យ​ជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្តនិងសាលក្រម។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនលោកឧកញ៉ា ប៊ុន ស៊ីថា ដាក់ពន្ធនាគារព្រៃ.ស បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាមមាត្រា៣៧៧.៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ការឃុំខ្លួននេះ ក្រោយពីអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាម្នាក់ពាក់ពន្ធ័ថា បានស៊ីដាច់ប្រាក់ក្រុមហ៊ុនមួយចំនួនជាងមួយលានដុល្លារអាមេរិក។ ប្រភពពីសាលាដំបូងបានឲ្យដឹងថា ឧកញ៉ារូបនោះឈ្មោះ ប៊ុន ស៊ីថា អាយុ៥៩ឆ្នាំ មិនមានការបញ្ជាក់ពីអាសយដ្ឋានពិតប្រាកដរបស់លោកឧកញ៉ានោះទេ ។

ប្រភពបន្តថា កាលពីព្រឹកថ្ងៃទី៧ ខែធ្នូដដែល លោកមេធាវីម្នាក់បាននាំកូនក្តី គឺលោកឧកញ៉ា ប៊ុន ស៊ីថា មកកាន់សាលាដំបូង ដើម្បីចូលឆ្លើយបំភ្លឺលើបណ្តឹងមួយ ពីបទឆបោក ។ ក្រោយមកនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែលនោះ គេឃើញលោកមេធាវីមុខស្ងួតដើរចេញពីសាលាដំបូងទៅរករថយន្តជិះទៅវិញបាត់ ស្របពេលនោះតំណាងអយ្យការបានទាក់ទងសមត្ថកិច្ចឲ្យមកចាំឃាត់លោកឧកញ៉ានោះរួចហើយដែរ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល ជាប្រធានការិយាល័យបានធ្វើការឃាត់ខ្លួនឧកញ៉ា ប៊ុន ស៊ីថា ក្រោមការចោទប្រកាន់ពីបទឆបោក។

នៅពេលសមត្ថកិច្ចឃាត់ខ្លួនលោកឧកញ៉ាតាមបញ្ជារបស់តំណាងអយ្យការហើយ មិនទាន់យកទៅណាទេ ដោយរង់ចាំប្រគល់ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើការឃុំខ្លួនតែម្ដង ។

ប្រភពបន្ថែមថា ដើមចមបណ្តាលឲ្យមានការឃាត់ខ្លួនលោកឧកញ៉ានោះ ផ្តើមចេញពីលោកឧកញ៉ា ប៊ុន ស៊ីថា ទទួលបាន(ស.ជ.ណ)មួយពីគណៈរដ្ឋមន្ត្រី ឲ្យធ្វើការដោះដូរដីរដ្ឋមួយកន្លែងរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ ។ ពេលឧកញ៉ាបាន(ស.ជ.ណ) ហើយឧកញ៉ាបានលក់(ស.ជ.ណ)នោះទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃទឹកប្រាក់ជាង១លានដុល្លារអាមេរិក។ ពេលលក់(ស.ជ.ណ)ទៅឲ្យក្រុមហ៊ុននោះបានទទួលប្រាក់រួចហើយ តែ(ស.ជ.ណ)ទំនងមិនទាន់បានប្រគល់ឲ្យគេទេ ក្រោយមកក្រុមហ៊ុនមួយនោះទាមទារយក(ស.ជ.ណ) ក៏លេចឮព័ត៌មានថា លោកឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់បញ្ចាំបាត់ក្នុងទឹកប្រាក់ជាង១លានដុល្លារអាមេរិក ត្រង់ចំណុចនេះហើយបានជាក្រុមហ៊ុននោះប្តឹងលោកឧកញ៉ា និងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តងតាមសេចក្ដីសម្រេចចោទប្រកាន់របស់តំណាងអយ្យការនិងការសម្រេចឃុំខ្លួនរបស់ចៅក្រម ហេង សុខណា ចៅក្រមសើបសួរក្នុងសំណុំរឿងឆបោកនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor