
ថៃៈ ពលករខ្មែរចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវកម្លាំងអន្តោប្រវេសន៍ថៃ ដែលឈរជើងប្រចាំច្រកទ្វារអន្តរជាតិខ្លងលឹក ( ប៉ោយប៉ែត ) ធ្វើការឃាត់ខ្លួន ព្រមទាំងបានបញ្ជូនទៅសាកសួរបន្ថែមនៅខេត្តស្រះកែវផងដែរ ខណៈពួកគេទាំង៥នាក់ បានលបលួចឆ្លងដែនដោយខុសច្បាប់ តាមរយៈរូងក្រោមដី។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដោយកិច្ចប្រតិបត្តិការនេះធ្វើឡើង ដោយកម្លាំងអន្តោប្រវេសន៍ និងកម្លាំងតម្រួតថៃ ប្រចាំតំបន់ខ្លងលឹក បានចុះទៅកាន់ចំណុចរបងថ្មមួយកន្លែង ដែលបានសាងសង់ឡើងជាប់នឹងមាត់អូរព្រំដែន នៅទិសខាងត្បូងនៃទីលានផ្ញើរថយន្តរបស់ក្រុមហ៊ុន ហ្គោលដិនកេត ស្ថិតក្នុងឃុំអារញ្ញ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ ដោយនៅទីនោះមានរន្ធមួយដែលមានទំហំ ០,៥០ ម៉ែត្រ សម្រាប់ឆ្លងចេញចូលពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ តាមក្រោមរបងថ្មនៃខ្សែបន្ទាត់ព្រំដែន ដោយឃើញបែបនេះ កម្លាំងបានអង្គុយចាំឃ្លាំមើលមួយសន្ទុះ ក៏បានឃើញពលករខ្មែរចំនួន៥នាក់ បានលូនចេញពីរន្ធបន្តបន្ទាប់ ទើបកម្លាំងតម្រួតថៃ ឃាត់ខ្លួនដោយបានចាប់ទាញចេញពីរន្ធ ព្រមទាំងបានសាកសួរបឋម គឺពលករខ្មែរទាំងនោះបានសារភាពថា រូងក្រោមដីនេះ គឺជាស្នាដៃរបស់ក្រុមមេខ្យល់ សម្រាប់ឲ្យពលករខ្មែរលូនឆ្លងចូល ទៅធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ ដោយបង់អោយពួកគេក្នុងម្នាក់៧០០បាត។



បច្ចុប្បន្នក្រុមតម្រួតថៃបាននាំខ្លួនជនទាំង៥នាក់ ទៅកាន់ស្នងការដ្ឋានខេត្តស្រះកែវជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរបន្ត រកមុខសញ្ញាមេក្លោងធំ ដែលនៅពីក្រោយខ្នង ក្នុងរឿងនេះ៕