
ភ្នំពេញៈ ករណីបាញ់ប្រហារដោយសារជម្លោះនៅក្នុងមណ្ឌលកម្សាន្តរបស់មហាសេដ្ឋីស្រុកខ្មែរ ប្រចាំខណ្ឌចំការមន រហូតមកទល់នឹងម៉ោង១រសៀល ថ្ងៃទី១ ខែធ្នូនេះ ជនដៃដល់ដែលជាខ្មាន់កាំភ្លើង មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ខណៈសមត្ថកិច្ចបានចាប់ខ្លួនគូកន២នាក់ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃសុក្រនេះ។
ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រាប់ Cam Post នៅមុននេះបន្តិចថា បក្ខពួក២នាក់ របស់ក្រុមជនបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក កាលពីពីរថ្ងៃមុននោះ ត្រូវបានចាប់ខ្លួននៅខេត្តកំពង់ធំ ហើយពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់ (មេក្លោង) ដោយមិនអនុញ្ញាតឲ្យជននេះ រត់គេចពីសំណាញ់ច្បាប់បានឡើយ។
បើតាមមន្ត្រីនគរបាលចុះប្រតិបត្តិការចាប់ខ្លួនបក្ខពួកកូនអ្នកធំ បើកការបាញ់បោះសេរីខាងលើ បានប្រាប់ថា ប្រតិបត្តិការក្ដៅរបស់សមត្ថកិច្ចរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឡើងដោយនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលក្រុងភ្នំពេញ និងខេត្តកំពង់ធំ ដោយបានឃាត់ខ្លួនយុវជនពីរនាក់ ឈ្មោះ កែវ រុណ និងឈ្មោះ ឡ ពេជ្រ សិឡា ព្រមទាំងកាំភ្លើងខ្លី២ដើម និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នបក្ខពួកទាំងពីរ បាន និងកំពុងបញ្ចូនពីខេត្តឆ្ពោះមករាជធានីភ្នំពេញហើយ។



គួរជម្រាបថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ដែលគេស្គាល់ថា ជាកន្លែងរបស់ឧកញ៉ា គិត ធាង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាព្រឹកព្រលឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្ដាលឲ្យមនុស្សម្នាក់ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ជនដៃដល់ក្នុងករណីបាញ់បោះសេរីនេះ ត្រូវបានគេស្គាល់ឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ កែវ ភារុណ (ឈ្មោះមន្ត្រីយោធាស័ក្ដិ១) ហៅ រិទ្ធញាញ់ ជាកូនប្រុសរបស់លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអតីតអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។ ចំណែកជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ បៀ សំអឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ DJ ប្រចាំមជ្ឈមណ្ឌលកម្សាន្ត រ៉ុក។
បើតាមសេចក្ដីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ករណីផ្ទុះអាវុធនេះ កើតឡើងដោយសារជម្លោះនៅក្នុងបន្ទប់លេខ២០២ និង២០៣ នៃមណ្ឌលកម្សាន្ត រ៉ុក ហើយជនដៃដល់ក៏ឈានដល់ការបាញ់ប្រហារលើជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ជើង និងដៃ។
គួរបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលកម្សាន្ត រ៉ុក (Rock) ដែលជាមណ្ឌលកម្សាន្តដ៏ល្បីឈ្មោះរបស់ឧកញ៉ាក គិត ធាង បងប្រុសអ្នកឧកញ៉ា គិត ម៉េង តែងតែកើតមានករណីឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយស្ទើរតែគ្រប់ជម្លោះតែងបង្កជាការបាញ់ប្រហារពីសំណាក់អ្នកមានមុខមាត់ក្នុងសង្គម។ ហើយអ្វីដែលគេកត់សម្គាល់នោះ គឺថា គ្រប់ករណីកើតឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្តរបស់ឧកញ៉ារូបនេះ កម្រចាប់បានជនល្មើសណាស់៕









