ភ្នំពេញៈ ទោះបីជាក្រុមអតីតគណបក្សសង្គ្រោះជាតិ បានកំពុងតែធ្វើការឡាំប៉ានៅក្រៅប្រទេស ដើម្បីធ្វើអន្តរាគមន៍ សុំឲ្យដោះលែងលោក កឹមសុខា និងឲ្យគណបក្សសង្គ្រោះជាតិដំណើរឡើងវិញយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានអះអាងថា គ្មានផ្លូវនោះទេ។
អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងតាមតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៧ នេះថា «គ្មានទេ ការដោះលែង កឹម សុខា ទោះមានអន្តរាគមន៍ពីណាក៏ដោយ។ កឹម សុខា បានប្រព្រឹត្តបទល្មើសដោយខ្លួនឯង ត្រូវតែទទួលខុសត្រូវផ្ទាល់ខ្លួនឯង។ នេះហើយហៅថា នីតិរដ្ឋ។ គ្មានទេ ការព្យួរ ឬការលុបចោលសមាជិកភាពរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ។ បញ្ហាពាក់ព័ន្ធនឹង កឹម សុខា គឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា»។
លោកបន្តថា អ្នកដែលចង់ដាក់គំនាបមកលើកម្ពុជា គឺជាអ្នកអសីលធម៌ និងអយុត្តិធម៌ខ្លាំងណាស់ចំពោះកម្ពុជា ព្រោះដោយសារតែអាយ៉ងម្នាក់ និងបក្សពួកមួយក្រុមរបស់ខ្លួននោះចង់ ដោះដូរជាមួយប្រជាជនកម្ពុជាទូទាំងប្រទេសម៉្តេចកើត។ គ្មានទេ ការកោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ។ បើប្រជុំបានមានតែ២ភាគី តំណាងនៅសហប្រជាជាតិហ្នឹង មានបានប្រយោជន៍អី? ធ្វើគ្រាន់ឲ្យបានល្អមើល កុំឲ្យអាយ៉ងអន់ចិត្តប៉ុណ្ណោះ។
អ្នកនំាពាក្យគណបក្សកាន់អំណាចក៏បានលើកឡើងថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ទី២៣ ខែតុលា ឆ្នាំ ១៩៩១ និងបន្ទាប់ពីការបោះឆ្នោតសាកលលើកទី១ នាឆ្នាំ១៩៩៣ រហូតមកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ឥតឈប់ឈរស្របតាមស្មារតីនៃកិច្ចព្រមព្រៀង និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ លទ្ធិប្រជាធិបតេយ្យ ត្រូវផ្សារភ្ជាប់ និងដើរទន្ទឹម និងនីតិរដ្ឋ។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ការមានវិធានការផ្លូវច្បាប់ទៅលើជនប្រព្រឹត្តល្មើសច្បាប់ គឺជាវិធានការត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ គេមិនអាចប្រើវិធានការហិង្សាដោយអាវុធ ឬកាំបិតពូថៅជំនួសឲ្យផ្លូវច្បាប់បានឡើយ។ ដូច្នេះការចាត់វិធានការផ្លូវច្បាប់លើករណី កឹម សុខា ដែលក្បត់ជាតិ និងបក្ខពួក គឺត្រឹមត្រូវបំផុត ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យគង់វង្ស និងរឹងមាំ និងមាននិរន្តរភាពយូរអង្វែង។
លោកបន្ថែមថា រដ្ឋាភិបាលការដោះស្រាយបញ្ហា ដោយឈរលើគោលការណ៍ គឺដើម្បីយុត្តិធម៌សង្គម។ មានយុត្តិធម៉សង្គម ទើបមានសន្តិភាព ស្ថេរភាពនយោបាយ នោះហើយ គឺជាការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់រវើក និងសកម្មនៅក្នុងជីវភាពសង្គម ធានាសុខក្សេមក្សាន្តរបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅប្រកបដោយសេចក្តីសុខរមនា៕
