ភ្នំពេញៈ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ (CNRP) លោក ងីម ញ៉េង បានបញ្ជាក់ថា ប្រទេសអូស្ត្រាលី បានសន្យាថា នឹងជំរុញអាជ្ញាធរកម្ពុជា ដោះលែងលោក កឹម សុខា អតីតប្រធាន CNRP និងនាំ CNRP ទៅរកការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ខាងមុខ ឲ្យបានជាដាច់ខាត។
អតីតតំណាងរាស្ដ្រ លើកឡើងបែបនេះ បន្ទាប់ពីគណៈប្រតិភូ CNRP កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ដឹកនាំដោយលោកស្រី មូរ សុខហួរ អតីតតំណាងរាស្រ្តជួបពិភាក្សា ការងារជាមួយលោកស្រី Penny Wong ប្រធានព្រឹទ្ធសភាអូស្រ្តាលី និងតំណាងរាស្ត្រជាច្រើនរូបនៅវិមានរដ្ឋសភា។
លោកថា សម្រាប់គណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលអូស្ត្រាលី នៅវិមានរដ្ឋសភាអូស្ត្រាលី ។
យោងតាមគេទំព័រហ្វសប៊ុក របស់លោក ងីម ញ៉េង ដែលបង្ហោះខ្លឹមសារនៅព្រឹកថ្ងៃទី៦ ធ្នូ បានឲ្យដឹងថា “ភាគីអូស្ត្រាលីគាំទ្រនូវរាល់សកម្មភាព ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងសន្យាជំរុញ ឲ្យមានការដោះលែង ឯកឧត្តម កឹម សុខា និងនាំគណបក្សសង្គ្រោះជាតិ ទៅរកការបោះឆ្នោតខាងមុខ ឲ្យបានជាដាច់ខាត”។
កាលពីថ្ងៃទី១៦ វិច្ឆិកា តុលាការកំពូល បានប្រកាសសាលក្រម ដោយសម្រេចរំលាយ គណបក្សសង្រ្គោះជាតិចោលទាំងស្រុង តាមបណ្តឹង របស់ក្រសួងមហាផ្ទៃ និងសម្រេចផ្អាកសកម្មភាពនយោបាយ របស់មន្រ្តីបក្សជាង១០០រូប។
សូមរំលឹកថា លោក កឹម សុខា បានស្រាវជ្រាវរកឃើញថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដែលមានអាមេរិកជាអ្នកផ្ចុងផ្តើម ហើយសព្វថ្ងៃនេះ លោក កឹម សុខា កំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ៕
