
អន្តរជាតិ ៖ អវកាសអាមេរិក NASA នឹងបញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះចន្ទជាថ្មីម្តងទៀត ក៏ដូចជាទៅកាន់ភពអង្គារ (Mars) ផងដែរ ដែលគំរោងនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ នេះជាសារាចរស្តីពីការបង្គាប់ជាផ្លូវការនៃគោលនយោបាយអវកាសលើកទី០១ នៃរដ្ឋបាលរបស់លោកត្រាំ។
តាមភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ បានឱ្យដឹងថា ក្នុងពិធីមួយនៅឯសេតវិមាន ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា នេះ វាគឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការបញ្ជូនអវកាសយានិកអាមេរិក ទៅកាន់ភពព្រះច័ន្ទជាថ្មីម្តងទៀត និងជាលើកដំបូងគិតចាប់តាំងតែពីឆ្នាំ១៩៧២ ដើម្បីប្រតិបត្តិការរុករក និងប្រើប្រាស់រយៈពេលយូរ។

លើកនេះ យើងនឹងមិនត្រឹមតែបោះទង់ជាតិរបស់យើង និងបន្សល់ទុកដានជើងនៅទីនោះទេ តែពួកយើងនឹងបង្កើតសសរគ្រឹះមួយ សម្រាប់បេសកកម្មមួយនាពេលអនាគត សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ ឬមួយក៏ថ្ងៃណាមួយទៅកាន់ភពជាច្រើនផ្សេងទៀត ដែលស្ថិតនៅឆ្ងាយជាងនេះ។

លោក ត្រាំ ថ្លែងថា សារាចរដែលខ្ញុំចុះហត្ថលេខានាថ្ងៃនេះ នឹងធ្វើឲ្យកម្មវិធីអវកាសអាមេរិក ផ្តោតការយកចិត្តទុកដាក់សំខាន់ជាថ្មី ទៅលើការស្រាវជ្រាវរុករក និងរបកគំហើញរបស់ មនុស្សជាតិ៕

