ភ្នំពេញៈ យុវតីរូបស្រស់ម្នាក់ រួមដំណើរជាមួយនារីរូបស្រស់៤នាក់ បានបើករថយន្ត Audi ទៅបុករថយន្ត Corola ពេញទំហឹង ត្រង់ចំណុចផ្លូវបំបែក បណ្ដាលឲ្យរងការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង៩:៥០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវបែកជាបួន ផ្លូវ១១៣ កែង៣៣០ ខាងកើតណាហ្កាវើល សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយនារីអ្នកបើករថយន្ត Audi បានទទួលខុសត្រូវ រួចបើករថយន្តទៅអែបម្ខាង។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តដឹកប្រពន្ធ ម៉ាក Corola ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2H-2604 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុច កើតផ្លូវ១១៣ កែង៣៣០ ស្រាប់មានរថយន្តម៉ាក Audi ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3113 បើកបរដោយយុវតីម្នាក់ និង៤នាក់ទៀតរួមដំណើរជាមួយគ្នា បានកំពុងជជែកគ្នាសើចសប្បាយក្អាកក្អាយក្នុងរថយន្ត ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនហើយបានទៅបុករថយន្ត Corola ចំទ្វាររថយន្តខាងស្ដាំ បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿងតែម្ដង។
សាក្សីដដែលបានបន្ថែមទៀតថា ភ្លាមៗនោះនារីម្នាក់ ដែលជាអ្នកបើករថយន្តបង្កហេតុ បានស្រែកប្រាប់ម្ចាស់រថយន្តរងគ្រោះថា មិនអីទេ នាងព្រមទទួលខុសត្រូវលើអ្វីដែលនាងបង្ក ហើយបានថយរថយន្តចេញមក រួចបើកទៅអែបទុកនៅក្បែរចិញ្ចើមផ្លូវ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ចំណែកនាង (អ្នកបើករថយន្តបង្ក)ក៏បានទាក់ទងទៅសាច់ញាតិ អោយមកជួយចរចាជាមួយម្ចាស់រថយន្តរងគ្រោះ ដោយបានសងថ្លៃខូចខាតចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕











