
ព្រះសីហនុៈ មនុស្សម្នាក់ ដែលបើកម៉ូតូតាមដងផ្លូវ កាលពីថ្ងៃម្សិលមិញ ត្រូវរថយន្តបុកស្លាប់ ខណៈអ្នកបើករថយន្តបត់ភ្លាមៗឆ្លងផ្លូវ ស្របជាមួយម៉ូតូបើកមកដល់ក៏បុកពេញទំហឹងស្លាប់មួយរំពេច។
យោងតាមកាមរ៉ាសុវត្ថិភាព ត្រូវបានគេបង្ហាញនៅថ្ងៃទី២៣ មករានេះថា មនុស្សម្នាក់ បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦:៣០នាទីព្រលប់ លើផ្លូវលំហែភូមិន្ទ ត្រង់ចំណុច ជាប់សណ្ឋាគារវិមានខ្សាច់ស ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-4372 ហើយគេឃើញបុរសម្នាក់ ចុះចេញពីរថយន្តមានភិនភាគដូចជាជនជាតិចិន។ ចំណែកភាគីម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GD-0898។
ជាទូទៅគេសង្កេតឃើញថា នៅដងផ្លូវមួយចំនួនពលរដ្ឋខ្លះហាក់មិនគោរពច្បាប់ចរាចរណ៍ ដោយបើកក្នុងល្បឿនលឿន វ៉ាឬជែងខុស មិនគោរពសិទ្ធិអាទិភាព មិនមើលស្លាកសញ្ញា មិនគោរពភ្លើងសញ្ញាចរាចរណ៍ ពិសេសបើកបរមានជាតិស្រវឹង។ ត្រង់ចំណុចនេះហើយ ទើបរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ ឬបទបញ្ជា រហូតសមត្ថកិច្ចពាក់ព័ន្ធចុះប្រតិបត្តិការព្រមៗគ្នា ទាំងរាជធានី និងខេត្ត ដូចនេះសូមពលរដ្ឋចូលរួមគោរព្បាប់ចរាចរទាំងអស់គ្នា៕



