
កោះកុងៈ យ៉ាងហោចណាស់កម្មការិនីចំនួន១២៩នាក់ ក្នុងរោងចក្រ KKN២និងKKN៣ បានទន់ដៃទន់ជើង និងដួលសន្លប់ជាបន្តបន្ទាប់ ដោយសារធុំក្លឹនស្អុយប្រេង ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៨ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតំបន់សេដ្ឋកិច្ចពិសេសនាងកុក ស្ថិតក្នងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បើតាមប្រភពពីក្រុមកម្មការិនី ដែលរងគ្រោះបានថ្លែងឲ្យដឹងថា មុនដំបូងពួកគាត់ បានឮសូរសំឡេងផ្ទុះផាំងលាន់ឡើង តែពុំបានដឹងថា ជាសំឡេងអ្វីនោះទេ មួយសន្ទុះក្រោយមក ក៏ស្រាប់តែធុំក្លឹនស្អុយជះចូលមកក្នុងរោងចក្រ ហើយពួកគាត់ក៏បានដួលសន្លប់តគ្នាៗតែម្តង។
ជុំវិញករណីខាងលើ លោក យក់ សង្វាត ប្រធានមន្ទីរការងារខេត្តកោះកុង បានថ្លែងឲ្យដឹងតាមទូរស័ព្ទថា ចំពោះបញ្ហាបណ្តាលឲ្យកម្មការិនីរោងចក្រដួលសន្លប់ជាបន្តបន្ទាប់បែបនេះ គឺដោយសារការជះក្លិនប្រេង ដែលហៀរចេញពីអេចស្កា កំពុងកាយដីនៅខាងក្រោយរោងចក្រ ។

ចំណែកលោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងវិញ បានឲ្យដឹងដែរថា ចំពោះចំនួនកម្មការិនីដែលដួលសន្លប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងនាពេលនេះ គឺមានចំនួន១២៩នាក់ ហើយក្រុមគ្រូពេទ្យកំពុងតែបន្តចាំដឹកជញ្ជូនតាមរថយន្តសង្គ្រោះមកកាន់មន្ទីរពេទ្យទៀត ចំពោះកម្មការិនីដែលបានមកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នាពេលនេះកំពុងត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយសង្គ្រោះ។
លោកបានបន្តថា មកទល់នឹងពេលនេះគ្មានកម្មការិនីណាម្នាក់បានបាត់អាយុជីវិតនោះទេ ហើយក៏មានកម្មការិនីជាច្រើនបានធូរស្រាលឡើងវិញផងដែរ៕







