Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២នាក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣​ ឃាត់ខ្លួនយកទៅសាកសួរ​ បន្ទាប់​ពី​ ជនសង្ស័យ​ទាំង​នោះ​ បាន​ធ្វើសកម្មភាព​លួចយក​ម៉ូតូ​ម៉ាក​ ស៊ុយ​សុគី​និច​ មួយគ្រឿង​របស់​ស្ត្រី​ជាជនរងគ្រោះ​ម្នាក់ ​ដែល​ទុក​នៅ​មុខ​ផ្ទះ បានសម្រេច។ ហេតុការណ៍​ឃាត់ខ្លួន​នេះ ​បានធ្វើ​ឡើង​នៅវេលាម៉ោង​១១៖​៣០នាទី​ ថ្ងៃទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៨​ ទុលមុខនឹង​ឱសថស្ថាន​ ប៉ោ​សារិន​ ម្តុំ​សេះស​ ផ្ទះ​៣០ម៉ែត្រ​ ភូមិ​ដំណាក់ធំ៣​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ជន​សង្ស័យដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនបាន​ មានឈ្មោះ​ យឺន​ វឌ្ឍនៈ​ ហៅឌុន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបបកម្មករ​រោងចក្រ​ ស្នាក់នៅភូមិបឹងធំ​ សង្កាត់​បឹង​ធំ ខណ្ឌពោ​ធិ៍សែន​ជ័យ។ ចំណែកម្នាក់​ទៀត ដែល​រត់គេចខ្លួន​រួច មានឈ្មោះ​ ណាង​ ភេទប្រុស​ អាយុ​២២ឆ្នាំ​។ ដោយ​ឡែក​ ជនរងគ្រោះមានឈ្មោះ​ សុង​ មករា​ ភេទស្រី​ អាយុ​៣០ឆ្នាំ​ មុខរបប​ពេទ្យ​ ស្នាក់នៅ​ផ្ទះជួល​ ម្តុំ​សេះស​ ភូមិដំណាក់ធំ​៣​ ផ្លូវ៣០ម៉ែត​ សង្កាត់​ស្ទឹងមាន​ជ័យ៣​ ខណ្ឌមានជ័យ​ មាន​ស្រុក​កំណើត​ភូមិ​អន្លង់​ថ្លឹង​  ឃុំមហាសាំង​ ស្រុក​ភ្នំ​ស្រួច​ ខេត្តកណ្តាល​ ហើយម៉ូតូ​ដែល​ជនសង្ស័យ​លួចយក​ទៅ​ គឺ​ម៉ាក​ ស៊ុយ​សុគី​ និច​ ពណ៌ស​ មិន​ចាំ​ស្លាកលេខ​។

លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣ ឲ្យដឹងថា​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​បាន គឺ​មាន​ស្ត្រី​ជាជនរងគ្រោះ​បានយក​ម៉ូតូម៉ាក ​ស៊ុយ​សុគី​និច​ ពណ៌ស​ មួយគ្រឿង មិន​ចាំ​ស្លាកលេខ​ ព្រោះ​ម៉ូតូ​នេះ ​ជាម៉ូតូរបស់​ប្អូន​គាត់ យកមក​មុខ​ទុក​នៅ​មុខ​ផ្ទះ ដូច​ធម្មតា​ជារៀង​រាល់ថ្ងៃ​។ លុះដល់​ពេល​កើតហេតុ​ ក៏ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២នាក់ បានដើរ​ចូលទៅ​ធ្វើ​ជា​ទិញ​ថ្នាំ​ពេទ្យ ហើយ​ពេលនោះដែរ​ ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ បាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់​គាត់ ​ដែល​ទុក​នៅ​មុខ​ផ្ទះបានសម្រេច​រួចហើយ​ បានជិះ​រត់គេចខ្លួន​បាត់ស្រមោល​ទៅ ដោយ​បន្សល់​ទុក​បក្ខពួក​ម្នាក់ ​នៅនឹងកន្លែង​កើតហេតុ ហើយ​ពេលនោះ​ កម្លាំងរបស់លោក​ដែល​ល្បាត​ឆ្លង​កាត់​ទីនោះ​ ក៏​បាន​ប្រទះឃើញ​ហេតុការណ៍​នេះ ក៏ឃាត់​ខ្លួន​​ជនសង្ស័យ​រូបនោះ​ យកទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិ៍នគបាល​ស្ទឹងមានជ័យ​៣តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​រូបនោះ​ បាន​សារភាពថា​ រូប​គេ ​និង​បក្ខពួក​ម្នាក់​ទៀត​ ពិត​ជា​បាន​ធ្វើសកម្មភាព​កាច់ក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិត​ប្រាកដមែន ហើយ​ពួក​គេធ្លាប់​បានធ្វើ​សកម្មភាព​កាច់កម៉ូតូ​បានសម្រេច​ចំនួន​៣ដង​រួច​មកហើយ​។

ក្រោយពេលកើតហេតុ​ បន្ទាប់ពីសាក​សួរ​រួចហើយ​ ជនរងគ្រោះ​បាន​មកដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគបាល​ស្ទឹងមានជ័យ​៣ ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ចំណែក​ជនសង្ស័យ​វិញ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ​និង​បញ្ជូន​ខ្លួន​ទៅអធិការដ្ឋានខណ្ឌ​មានជ័យ ​ដើម្បីចាត់ការបន្ត​តាម​នីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor