បន្ទាយមានជ័យៈ ថ្លែងរំឭកដល់សិស្សនិស្សិតបញ្ចប់ថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ប្អូនៗបានបញ្ចប់កាតព្វកិច្ចក្នុងការក្រេបជញ្ជក់យកនូវចំណេះដឹងពីថ្នាក់រៀនរួចរាល់ហើយ ហើយរហូតទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ប៉ុន្តែសូមកុំភ្លេចថា ប្អូនមិនទាន់ទទួលបានសញ្ញាឃើញនោះទេ ដែលវាត្រូវដើរទន្ទឹមគ្នានឹងសញ្ញាបត្រ។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ដែលបានប្រឡងបញ្ចប់ការសិក្សាកម្រិតថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
រំឭកកាន់និស្សិជយលាភីជិត១ពាន់នាក់ លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា “ប្អូនៗ បានបពា្ចប់កាតព្វកិច្ចក្នុងការប្រឹងប្រែងជញ្ជក់យកចំណេះពីថ្នាក់រៀនរួចរាល់ហើយ ទទួលបានសញ្ញាបត្រថ្ងៃនេះ តែសូមកុំភ្លេចខ្លួនថា យើងមិនទាន់បានទទួលសញ្ញាឃើញនោះទេ។ ពាក្យថា សញ្ញាឃើញនោះជាអ្វី? ពាក្យនេះ ស្រួលស្តាប់ តែពិបាកបកស្រាយឲ្យបានក្បោះក្បាយណាស់ ព្រោះថា វាជាបទពិសោធន៏ផ្ទាល់ៗរបស់មនុស្សម្នាក់ៗ ពេលចុះបំពេញភារកិច្ចឲ្យក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ គេមើលលើចំណេះដឹង បទពិសោធន៍ អត្តចរិត ឆន្ទៈមោះមុត មិនអាចមានតែសញ្ញាបត្រ អត់សញ្ញាឃើញនោះទេ វាត្រូវតែដើរទន្ទឹមគ្នាផងដែរ”។
លោកបន្ថែមទៀតថា ក្មួយៗ និស្សិតមួយចំនួន មានការងារធ្វើរួចហើយ ហើយមួយចំនួនមានផែនការចេញទៅប្រកបមុខរបរដោយខ្លួនឯង ខណៈមួយចំនួនទៀត កំពុងស្វះស្វែងរកការងារធ្វើ និងមួយចំនួនទៀត មានផែនការបន្តការសិក្សាទៅមុខទៀត។ ចំពោះបព្ហានេះ លោកបានលើកទឹកចិត្តថា ទោះស្ថិតក្នុងស្ថានភាពមួយណាក៏ដោយ សូមប្អូនៗ ត្រូវតែអំណត់ព្យាយាមបន្ថែមទៀត ដើម្បីជម្នះរាល់ឧបសគ្គថ្មីៗ ដែលប្អូនៗ ក្មួយៗ មិនធ្លាប់ជួបប្រទះក្នុងជីវិតជានិសិត្សកន្លងមក។ លោកថា សម្រាប់ជីវិតនិស្សិត ដែលស្វែងរកការងារធ្វើ ហើយទីផ្សារចង្អៀត ត្រូវចេះអត់ធ្មត់ព្យាយាម តស៊ូបោះជំហានមួយៗទោះខ្លីក្តី ឲ្យតែជំហាននោះស្ថិតក្នុងផ្លូវត្រូវ នោះជោគជ័យនឹងរង់ចាំក្មួយៗ នាពេលខាងមុខជាក់ជាមិនខាន។
ជាមួយគ្នា លោកក៏បានស្នើឲ្យសិស្សនិស្សិតទើបទទួលបានជយលាភីនៅថ្ងៃនេះ សូមឲ្យទាំងអស់គ្នាយកចំណេះដឹង ចំណេះធ្វើរបស់ខ្លួនគួបផ្សំជាមួយនឹងសីលធម៌ ទៅប្រើប្រាស់ជាគុណប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់ជីវភាពគ្រួសារ និងសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ។
សូមជម្រាបថា នៅក្នុងពិធីចែកសញ្ញាបត្រជយលាភីដល់និស្សិតនេះ មានសាស្រ្តាចារ្យទទួលបានគ្រឿងឥស្សរិយសចំនួន២២នាក់ ក្នុងនោះស្រីចំនួន៣នាក់ និងប្រុសចំនួន១៩នាក់។ ដោយឡែក និស្សិតជយលាភីមានចំនួន៩១៤នាក់ ស្រី៥៤២នាកើ ដែលនេះសញ្ជាក់ថា សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) បានឈានមុខស៊ីដាច់គេគ្រប់ខេត្តក្រុង លើការផ្តល់ជូនសញ្ញាបត្រដល់និស្សិតជយលាភី តាំងពីចុងឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០១៨៕













