
ភ្នំពេញៈ អាចចាត់ទុកថា ជារឿងចម្លែកមួយដែរ រហូតធ្វើឲ្យមហាជនរិះគន់គ្រប់ៗគ្នាមិនថា រាស្ត្រ ឬមន្ត្រីធំៗ ខណៈដែលក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ បានធ្វើពិធីសប្បុរសធម៌ ដោយការចែកក្ដារមឈូសជូនប្រជាពលរដ្ឋជាង២០០នាក់ នៅខេត្តកំពង់ធំ។ ជាមួយគ្នា អភិបាលខេត្ត ក៏បានចាត់ទុកថា នេះជារឿងមិនល្អពិតមែន ហើយបញ្ជាឲ្យអភិបាលស្រុក ពិនិត្យករណីនេះជាបន្ទាន់។
ពិធីចែកក្តារមឈូសដល់ជនចាស់ជរាចំនួន២៤០នាក់ ដែលគេឃើញធ្វើឡើងកាលពីពេលថ្មីៗកន្លងមកនេះ គឺនៅវត្តអណ្តូងឥដ្ឋវិនយធរោ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្គ នាខេត្តកំពង់ធំ ដោយភរិយាឧកញ៉ា អ្នកមានទ្រព្យសម្បត្តិ និងជាយកនាយកក្រុមហ៊ុន ដែលជាម្ចាស់ទានដ៏កម្រមួយ រួមជាមួយសម្ភារៈប្រើប្រាស់ គ្រឿងបរិភោគ និងក្តារមឈូសថ្មីស្រឡាង ចំនួនមួយម្នាក់ ជូនដល់ចាស់ជរា។
ទោះជាយ៉ាងណា គេពុំបានដឹងច្បាស់ថា អ្នកមាននោះ ចែងអំណោយក្តារមឈូសឲ្យទៅចាស់ជរា ក្នុងគោលបំណងបណ្តោះគ្រោះឲ្យស្វាមី នៅចំថ្ងៃខួបកំណើតឬយ៉ាងណានោះទេ ប៉ុន្តែទង្វើរបស់ភរិយាអ្នកមានទ្រព្យនោះ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងខ្លាំងតាំងពីវណ្ណៈរាស្ត្រ ដល់មន្ត្រីថ្នាក់លើ។ អ្នកខ្លះយល់ថា បើចង់ធ្វើបុណ្យបែបនេះ គួរចែកប័ណ្ណហ្វ្រីមឈូស(ប័ណ្ណប្រើមឈូសឥតគិតថ្លៃ)ទៅបានហើយ កុំដល់ថ្នាក់នឹងពេក។ តើជាការប្រមាថជីវិតឬទេ?។

គណនីហ្វេសប៊ុកឈ្មោះ ឡាវ វ៉ាន់ - Lau Vann បានសរសេរសារបង្ហោះកាលពីវេលាម៉ោង៨៖១០នាទី យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ថា “មានភារកិច្ច និងទំនួលខុសត្រូវស្ទើរាល់ពេល ដែលពេលខ្លះ ខ្ញុំមិនដឹងថា ថ្ងៃនេះ ជាថ្ងៃកំណើតខ្លួនឯងផងទេ តែមានមនុស្សម្នាក់ គាត់មិនដែលភ្លេចម្តងណាឡើយ មិនថាបុណ្យទាន ថ្ងៃកំណើតខ្ញុំ រឺកូនៗទេ…. ម្នាក់នោះ គឺភរិយាខ្ញុំ។ ហើយអ្វីដែលគាត់តែងតែធ្វើក្នុងថ្ងៃកំណើតនោះ គឺការចែកទានទៅកាន់ដូនចាស់ជរា ចំនួន២៤០នាក់ នៅវត្តអណ្តូងឥដ្ឋវិនយធរោ នាខេត្តកំពង់ធំ។ ស្នាមញញឹមដូនចាស់ជរា និងក្មួយតូចៗ គឺជាសុភមង្គលបងហើយ។ អរគុណអូន ចំពោះកាដូកុសលទាំងនេះ។ សូមបុណ្យកុសលដែលក្រុមគ្រួសារយើងបានសាង ជួយឲ្យអ៊ុពូមីង លោតាលោកយាយ មានសុខភាពល្អបរិបូរណ៍ ក្មួយៗកុមារតូចៗមានប្រាជ្ញាវាងវៃ ដើម្បីជាសរសរទ្រូងប្រទេសទៅថ្ងៃក្រោយ។ ជាកូនខ្មែរ ដែលកើតលើដីសុវណ្ណនេះ ខ្ញុំពេញចិត្ត និងស្រឡាញ់ មាតុភូមិខ្ញុំណាស់”។
ពិធីសប្បុរធម៌ដ៏ចម្លែកនេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន បានលើកឡើងមតិពីរផ្ទុយគ្នា។ ដោយមតិខ្លះយល់ថា ការចែកអំណោយក្តារមឈូសជូនមនុស្សចាស់ ជារឿងធម្មតា ព្រោះពួកគាត់ចាស់ជរាហើយ បើថ្ងៃក្រោយ គាត់ទទួលមរណភាព គឺមានមឈូសប្រើស្រាប់ មិនបាច់ចំណាយលុយទិញ។ ចំណែកមតិខ្លះ យល់ឃើញផ្ទុយវិញថា ជាការប្រមាថអាយុជីវិតមនុស្សចាស់ជាង២០០នាក់ ខណៈពួកគាត់នៅមានសុខភាពល្អសោះ បែរជាចែកក្តារមឈូសឲ្យទៅគាត់ទៅវិញ។ ប្រសិនបើមានបំណងជូនក្តារមឈូសទៅពួកគាត់មែន ក៏គួរតែចែកប័ណ្ណប្រើប្រាស់ក្តារមឈូសឥតគិតថ្លៃទៅពួកគាត់ ពោល គឺថ្ងៃណាគាត់ត្រូវការ គាត់អាចយកប័ណ្ណនោះ ទៅយកក្តារមឈូសមកប្រើបាន។

អ្នកលេងហ្វេកប៊ុកឈ្មោះ សន្តិភាព ថ្ងៃនេះ បាននិយាយថា “យោបល់ខ្ញុំ បើចង់ធ្វើបុណ្យបែបនេះ គួរចែកប័ណ្ណហ្រី្វម្ឈូសទៅបានហើយ កុំដល់ថ្នាក់នឹងពេក។ គាត់យកម្ឈូសទុកនៅណា? តើជាការប្រមាថជីវិតឬទេ? គេថា អាយុជីវិតមនុស្សមើលមិនឃើញទេ នៅក្មេងសោះ អាចស្លាប់មុនក៏ថាបាន”។
ដោយឡែក រឿងនេះផងដែរ ក៏ត្រូវបានមន្ត្រីរាជការជាច្រើនឈឺឆ្អាល នាំគ្នាជជែកវែកញែកយ៉ាងផុលផុស ហើយយល់ឃើញស្រដៀងគ្នាថា ជារឿងមិនល្អ។ ជាមួយគ្នា តាមរយៈបណ្ដាញសង្គមតេឡាក្រាម នារសៀលថ្ងៃទី៥ ខែមករានេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យអភិបាលស្រុកប្រាសាទបល្ល័ង្គ ចុះពិនិតករណីនេះហើយ។ លោក សុខ លូ ៖ “រឿងនេះ ពិតជាមិនល្អមែន។ ខ្ញុំបានសួរទៅស្រុក ក៏មិនបានដឹងរឿងនេះដែរ។ នេះជាពិសោធន៏មួយ។ ខ្ញុំកំពុងអោយលោកអភិបាលស្រុក ពិនិត្យករណីនេះ។ អរគុណ”។
ទោះជាបែបណា អង្គភាពសារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ នៅរសៀលថ្ងៃទី៥ ខែមករានេះ ប៉ុន្តែអគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការចែកក្ដារមឈូសជូនជនចាស់ជរាជាង២០០នាក់ នៅខេត្តកំពង់ធំនេះ គឺធ្វើឡើងតាមការស្នើសុំពីប្រជាពលរដ្ឋផ្ទាល់៕



