Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ យុវជន៣នាក់ខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ក្រោយពេលរថយន្ត Ranger Rover បុកអូស កាលពីម៉ោង៦ និង១០នាទីល្ងាច នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅ​ ខេត្តកណ្តាល​។

សមត្ថកិច្ចមូលដ្ឋានប្រាប់អង្គភាពសារព័ត៌មាន CAM POST ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊េរី​ទំនើប១គ្រឿង ម៉ាក Ranger Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-6977 បើកបរល្បឿនលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានជែងម៉ូតូ១គ្រឿង ម៉ាកហុងដា MSX ពណ៌ខ្មៅលាយស អត់ស្លាកលេខ តែមិនផុត ក៏ជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន៣នាក់ខ្ទាតផ្លោងធ្លាក់ចេញពីផ្លូវស្លាប់ម្នាក់ភ្លាមៗ និង២នាក់ទៀតបានដាច់ខ្យល់ស្លាប់ ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួន​តាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទក្រហមខេត្តកណ្ដាល ក៏បានប្លុងរថយន្តចោល រួចអ្នកបើកបរបានចុះរត់គេចខ្លួន​បាត់ស្រមោល។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ  អ៊ីម សីហា អាយុ១៧ឆ្នាំ ភេទប្រុស ទី២.ឈ្មោះ វន វិសាល​ អាយុ១៧ឆ្នាំ និងទី៣.ឈ្មោះ ជា ភិរម្យ​ អាយុ១៨ឆ្នាំ ភេទប្រុស​។ ទាំង៣នាក់នេះ រស់នៅម្ដុំផ្សារដើមអំពិល។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ដោយឡែកសាកសពជនរងគ្រោះទាំង៣នាក់ សមត្ថកិច្ចបានធ្វើការទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នកបើកបរបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor