Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ក្មេងស្រី២នាក់ មិនទាន់គ្រប់អាយុ ត្រូវមន្ត្រីនគរបាលម្នាក់ លួងលោមយកទៅផ្ទះសំណាក់រំលោភបានសម្រេច ដោយសន្យាថា ទិញខ្សែក និងទូរស័ព្ទដៃ ឲ្យម្នាក់មួយ តែផ្ទុយទៅវិញ ក្រោយពេលបានសម្រេច ទិញទូរស័ព្ទឲ្យម្នាក់មួយ ហើយដកយកវិញ ។

ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ លោកស្រីឧត្ដមសេនីយ៍ត្រី កែវ ដាវី ស្នងការរងខេត្តរតនគិរី ទទួលបន្ទុក ផ្នែកជួញដូរ និងការពារអនិតិជន បានឲ្យដឹងតាមទូរស័ព្ទថា ករណីលួងរំលោភលើក្មេងស្រី២នាក់ខាងលើ បានបញ្ជូនសំណុំរៀងទៅតុលាការហើយ គឺផុតពីដៃលោកស្រីហើយ។ ចំណែកតាមការស្រាវជ្រាវ គឺជាការភាន់ច្រឡំ ករណីខាងលើនេះ ឃើញថាមិនពិតដូចការចោទប្រកាន់ទេ គ្រាន់តែអាណាព្យាបាល បានបាត់កូនហើយធ្វើការចោទប្រកាន់តែប៉ុណ្ណោះ។

បើទោះជាយ៉ាងណា ករណីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅងឿងឆ្ងល់ថា ហាក់ដូចជាមានការបិទបាំង បន្ទាប់ពីជនសង្ស័យបានបង់ថ្លៃខូចខាតឲ្យជនរងគ្រោះរួចហើយ បែរជាសមត្ថកិច្ចថា រឿងមិនពិតទៅវិញ។ រីឯអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី អ្នកសារព័ត៌មានយើង សុំការបំភ្លឺ មិនទាន់បាននៅឡើយទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ក្មេងស្រីទាំង២នាក់ ដែលត្រូវគេលួងលោមទៅផ្ទះសំណាក់នោះ ទី១.ឈ្មោះ ស ក ក អាយុ១៣ឆ្នាំ ជនជាតិច្រាយ ទី២.ឈ្មោះ ស ល ​ល អាយុ១២ឆ្នាំ ជនជាតិច្រាយដូចគ្នា ក្មេងស្រីទាំងពីរ មានលំនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ចំណែកមន្ត្រីនគរបាល ដែលលួងលោមក្មេងស្រីទាំង២នាក់ យកទៅរំលោភនោះ មានឈ្មោះ មាស សូភ័ណ្ណ មានលំនៅភូមិឃុំ ជាមួយក្មេងស្រីខាងលើ ជាមន្ត្រីនគរបាល អធិការស្រុកអូរយ៉ាដាវ

បើតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះទាំង២នាក់ បានឲ្យដឹងថា ជាធម្មតាពួកនាងតែងតែទៅផ្ទះលោក មាស សូភ័ណ្ណ ដែលមានផ្ទះនៅជិតគ្នាជួយធ្វើការងារផ្ទះស្ទើររៀងរាល់ថ្ងៃ ដោយទទួលបានប្រាក់ ក្នុង១ខែ ៥ម៉ឺនរៀល។ ហើយនៅថ្ងៃកើតហេតុនោះ លោក មាស សូភ័ណ្ណ បានលួងលោមនាងថា ទៅខេត្ត(ក្រុងបានលុង) ជាមួយគ្នា លោកនឹងទិញខ្សែកឲ្យម្នាក់មួយខ្សែ និងទូរស័ព្ទដៃឲ្យម្នាក់មួយ។ រហូតដល់រសៀលប្រមាណជាម៉ោង៣ លោកនគរបាលរូបនោះ ក៏ឈប់ឡានចាំនៅក្រៅភូមិ ហើយណាត់ ឲ្យក្មេងស្រីទាំងពីរ ដើរកាត់ក្រោយភូមិទៅជួបគ្នា។

ពួកនាងបានបន្តថា ក្រោយពីដឹកនាងទៅដល់ក្រុងបានលុង លោក ភ័ណ្ណ ក៏នាំពួកនាងចូលផ្ទះសំណាក់ ក៏ប៉ុន្តែនាងមិនស្គាល់ យីហោផ្ទះសំណាក់ នោះទេ។ ពួកនាងបានបញ្ជាក់ទៀតថា ក្រោយពីរំលោភបានសម្រេចទាំង២នាក់ហើយ លោក មាស សូភ័ណ្ណ បាននាំនាងទៅផ្សារទិញទូរស័ព្ទដៃឲ្យម្នាក់មួយ លុះជិះឡានត្រឡប់មកវិញដល់ ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ មិនទាន់ដល់ភូមិឡំផង លោក ភ័ណ្ណ នេះទំលាក់ពួកនាងចោល ហើយដកយកទូរស័ព្ទដែលទិញឲ្យម្នាក់មួយនោះ យកវិញទាំងអស់។

លោក ពូយ ស្រាក់ ជាឪពុកក្មេងស្រីឈ្មោះ ស ក ក បានរាបរាប់ថា ដោយបាត់កូនដល់យប់ មិនឃើញកូនមកផ្ទះ ក៏ផ្អើលឆោឡោនាំគ្នាដើរកកូនស្រី រហូតដល់ម៉ោង១០យប់ ថ្ងៃដដែល ទើបរកឃើញក្មេងស្រីទាំង២នាក់ នៅភូមិប៉ក់តូច ដែលនៅចម្ងាយប្រមាណជាជាង២គីឡូម៉ែត្រ ពីភូមិឡំ។ លោកបន្តថា ក្រោយពីបានសាកសួរកូនស្រីអំពីដំណើររឿងរួចមក គាត់ក៏បានដាក់ពាក្យបណ្ដឹងទៅភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ធំ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនជនល្មើសនោះទេ ។

ខាងភូមិ ឃុំ និងប៉ុស្តិ៍ បានឲ្យក្រុមគ្រួសារគាត់ធ្វើការ សម្របសម្រួលគ្នាជាមួយប្រពន្ធលោក មាស សូភ័ណ្ណ ជាជនល្មើស ដោយពួកគាត់ទាំង២គ្រួសារ ជាអាព្យាបាលក្មេងទាំងពីរ ទាមទារក្នុងម្នាក់៦ពាន់ដុល្លារ ស្មើនិង១ម៉ឺន២ពាន់ដុល្លារ។

លោក ពូយ ស្រាក់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះថា បច្ចុប្បន្នពួកគាត់ទាំងពីរគ្រួសារ បានទទួលប្រាក់សំណង ចំនួន៦ពាន់ដុល្លារ ក្នុងក្មេងស្រីម្នាក់គ្រប់ចំនួនហើយ។

ដោយឡែកលោក មាស សូភ័ណ្ណ មន្ត្រីនគរបាលអធិការស្រុកអូរយ៉ាដាវ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺណាមួយបានទេ ដោយទូរស័ព្ទមិនចូល ជួនកាលទូរស័ព្ទចូលហើយ ត្រូវគេបិតមិនទទួល (០៩៧៧៣៨៣៨២៦)។

ជុំវិញករណីខាងលើនេះ លោកស្រីឧត្ដមសេនីយ៍ត្រី កែវ ដាវី ស្នងការរងខេត្តរតនគិរី ទទួលបន្ទុក ផ្នែកជួញដូរ និងការពារអនិតិជន(យេនឌ័រ) បានឲ្យដឹងថា ករណីខាងលើនេះ បើទោះជាមានការសម្របសម្រួលគ្នាយ៉ាងណាក៏ដោយ ជនប្រព្រឹទ្ធខុសច្បាប់ទៅលើក្មេងស្រី ដែលមិនគ្រប់អាយុ (អនិតិជន) ត្រូវតែមានទោស លោកស្រីនឹងស្រាវជ្រាវ កសាងសំណុំរឿងនេះ បញ្ជូនទៅតុលាការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor