
ភ្នំពេញៈ ទីតាំងផលិត ប៊ីចេងក្លែងក្លាយ ចំនួន៣ទីតាំង ស្ថិតក្នុងមូលដ្ឋាន សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ បានសហការជាមួយមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌ៧មករា ចុះបង្ក្រាប។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ។
មន្រ្តីនគរបាល បានឲ្យដឹងថា ម្ចាស់ទីតាំងទី១ ឈ្មោះ តាំង សៀមខេង ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះ១៤BE0.E1 ផ្លូវ១៤១ ភូមិ៤ ក្រុម៣៩ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ ម្ចាស់ទីតាំងទី២ ឈ្មោះ អ៊ឹង សុង ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ២៣A ផ្លូវ១២៥ ភូមិ៤ ក្រុម៣៩ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
មន្រ្តីនគរបាល បានបន្តថា មុនពេលឈានដល់ការចុះប្រតិបត្តិការ ទីតាំងទាំងអស់នេះ គឺខាងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់ក្រុមហ៊ុន ប៊ីចេង នៅប្រទេសថៃ ដែលមានការចុះបញ្ជើនៅប្រទេសកម្ពុជាថា មានក្រុមហ៊ុន និងទីតាំងផលិត ប៊ីចេង ក្លែងក្លាយ ជាច្រើនទីតាំង កំពុងប្រព្រឹត្តលួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងទូទាំងខេត្ត។
ជាលទ្ធផលក្រោយ បញ្ជប់ប្រតិបត្តិការ ទាំង២ទីតាំង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការដកហូតវត្ថុតាងជាច្រើន និងម៉ាស៊ីនផលិត ១គ្រឿង ថែមទាំងសម្ភារៈសម្រាប់ច្រកប៊ីចេងជាច្រើនទៀត។ ដោយឡែកទីតាំងមួយទៀត កម្លាំងសមត្ថកិច្ច នឹងបន្តប្រតិបត្តិការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះទៀត។
ចំពោះម្ចាស់ទីតាំងទាំង២ ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ឋ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










