
កោះកុងៈ ប្រជាពលរដ្ឋជិត១០នាក់ ខ្លះជាកម្មកទូកទេសចរណ៍ ខ្លះជាអ្នករត់ម៉ូតូឌុប បានពុលត្រីកំពត កាលពីសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។
ប្រជាពលរដ្ឋ ដែលពុលត្រីកំពតទាំងនោះមានចំនួន៩នាក់ ម្នាក់បានស្លាប់តាមផ្លូវក្នុងឡាន ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យព្រះសីហនុខេត្តព្រះសីហនុ ២នាក់មិនស្គាល់ឈ្មោះ ត្រូវបានបញ្ជូនទៅមន្ទីរខេត្តកោះកុង។
ដោយឡែក៦នាក់ទៀត ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ទី១ឈ្មោះ លឹម ជាង ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកទូកទេសចរណ៍។ ២ឈ្មោះ អំ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុប នៅកោះស្ដេច។ ៣ឈ្មោះ ពេជ្រ សីលា ភេទប្រុស អាយុ២៧ឆ្នាំ នៅកោះស្ដេច។ ៤ឈ្មោះ ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ។ ៥ឈ្មោះ សេង ផល ភេទប្រុស អាយុ៥៤ឆ្នាំ មកពីភូមិព្រែកស្លា ឃុំព្រែកល្ពៅ ស្រុកពាររាំង ខេត្តព្រៃវែង ទើបតែមកបាន៦ថ្ងៃ។ ៦ឈ្មោះ វង្ស ថា ភេទប្រុស អាយុ៤៤ឆ្នាំ មកពីខេត្តព្រៃវែងដែរទាំងពីនាក់នេះ មកជាមួយគ្នា មកធ្វើកម្មកទូកនៅកោះស្ដេច។

តាមសម្ដីអ្នកមីងម្នាក់ បាននិយាយថា អ្នកទាំងនោះផឹកស៊ីក្លែមត្រីកំពត គឺស៊ីតាំងពីពង តាំងថ្លើម និយាយរួមស៊ីគ្មានសល់អីទេ ទើបពុលយ៉ាងនេះ។ គាត់បន្តថា អ្នកខ្លះដឹងថា ត្រីកំពត អ្នកខ្លះអត់ដឹង ក៏នាំគ្នាស៊ីទៅថា ឆ្ងាញ់ណាស់។
តាមសម្ដីលោកគ្រូពេទ្យបង្អែកស្រុកស្រែអំបិល លោកវេជ្ជបណ្ឌិត ឌុច រតរៈ គាត់បាននិយាយថា អ្នកជំងឺទាំង៦នាក់នេះ មិនអីទេ ដោយបានលាងក្រពះហើយ តែនៅទន់ដៃទន់ជើង៕






