ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានមនុស្សមួយចំនួន បាននិយាយថា ក្រុមគ្រូពេទ្យនៅប្រទេសកម្ពុជា មានចរិកអាក្រក់រហូតដល់៩០% ក្នុងចំណោមគ្រូពេទ្យ១០០នាក់ តើគ្រូពេទ្យទទួលយកបានទេ? ចំពោះករណីមើលងាយគ្រូពេទ្យបែបនេះ ។
សម្ដេចតេជោ លើកឡើងបែបនេះ បន្ទាប់ពីអតីតបក្សប្រឆាំង និងពលរដ្ឋតែងតែលើកឡើងថា ក្រុមគ្រូពេទ្យមានចរិកអាក្រក់ ចំពោះអ្នកជំងឺដែលគ្មាន ថវិកាមកសម្រាកព្យាបាលជំងឺ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មី នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យលើកកម្ពស់ក្រមសីលធម៌របស់គ្រូពេទ្យ ពីព្រោះមានមនុស្សច្រើនដែលផ្ញើជីវិតលើក្រុមគ្រូពេទ្យ ហើយគ្រូពេទ្យមិនអាចព្រងើយកន្ដើយ លើបញ្ហាអ្នកជំងឺឡើយ ត្រូវខិតខំកែលម្អ ដើម្បីជាទីពឹងអាស្រ័យរបស់ពលរដ្ឋ ។
សម្ដេច មានប្រសាសន៍ថា “អ្នកខ្លះនិយាយថា ពេទ្យស្រុកខ្មែរ អាក្រក់៩០% ល្អមានតែ១០នាក់ប៉ុណ្ណោះ ក្នុងចំណោម១០០នាក់ តើគ្រូពេទ្យទទួលយកបានទេ? នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ” ។
សម្ដេចបញ្ជាក់ថា បើដូចគេថាមែនប្រជាពលរដ្ឋកម្ពុជា ស្លាប់អស់ហើយ ចូលមកព្យាបាល ១០០នាក់ ស្លាប់អស់៩០នាក់បាត់ហើយ ។ នៅកម្ពុជាចាប់ផ្ដើមត្រឹមប្រជាជន៥លាននាក់ តើប្រជាជនអាចកើនឡើងបានដល់ ១៥លាននាក់ដែរទេ បើដូចគេថាមែននោះ ។
សូមបញ្ជាក់ថា គ្រូពេទ្យត្រូវតែមានការទទួលខុសត្រូវ ខ្ពស់ចំពោះការព្យាបាល អ្នកជំងឺដោយការប្រុងប្រយ័ត្ន ហើយថែមទាំងមានចំណេះដឹង ប្រកបដោយវិជ្ជាជីវៈខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពអាយុជីវិត របស់ប្រជាពលរដ្ឋ៕


