
ភ្នំពេញៈ ស្ត្រីជនជាតិវៀណាម២នាក់ ត្រូវបានប៉ូលិសជំនាញធ្វើការចាប់បង្ក្រាបជាក់ស្ដែងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយរឹបអូសបានថ្នាំញៀន និងវត្ថុតាងជាច្រើនទៀត។ ការឃាត់ខ្លួនស្ត្រីសង្ស័យទាំងពីរ ធ្វើឡើងនៅវេលាម៉ោង៥៖២៥នាទី រសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា គ.ស២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
របាយការណ៍សមត្ថកិច្ចឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយប៉ុស្ដិ៍នៅមូលដ្ឋាន បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចខាងលើ ហើយបានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

ជនសង្ស័យទាំង២ រួមមាន ១/ឈ្មោះ ផាំម ធីគីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិត(ជួញដូរ) និង២/ឈ្មោះ ផាំម ធីយៀវ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបបោកខោអាវ (ប្រើប្រាស់)។ ជនសង្ស័យមានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាង ដែលសមត្ថកិច្ចដកហូតក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ មាន ១/ម្សៅក្រាមពណ៌សថ្លា ចំនួន២៥កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន១ ២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និង៣/ឧបករណ៍ប្រើប្រាស់មួយចំនួន។



បច្ចុប្បន្នស្ត្រីសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕
