Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ នេះជាលើកទី២ហើយ​ ដែលប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានផ្ទុះរឿងអាស្រូវ ផ្ទុះរឿងអាស្រូវក៏ព្រោះតែលោកជាប់ព័ន្ធទៅនឹងរឿងពុករលួយ ដែលធ្វើឲ្យបាត់បង់ថវិកាជាតិប្រមាណ៧៥ម៉ឺន​ដុល្លារស្មើរនឹង៣០០០លានរៀល​ ប៉ុន្តែត្រង់ចំណុចនេះ លោកប្រធានមន្ទីរបានបដិសេធ​ និងហ៊ានប្រកាសជាចំហថា​ លោកមិនធ្វើឲ្យនាយករដ្ឋមន្រ្តី​ អភិបាលខេត្ត និងរដ្ឋមន្រ្តីក្រសួងសាធារណការខកចិត្តឡើយ។

យោងតាមបណ្តាញសារព័ត៌មាន​ ក្នុងស្រុក​បានផ្សាយថា​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ លោក សំ​ លាងទ្រី​ ត្រូវបានគេទម្លាយថា​ ពាក់ព័ន្ធអំពើពុករលួយ​ រឿងថវិការដ្ឋប្រមាណ៣០០០លានរៀល​សម្រាប់យកមកជួសជុលផ្លូវនៅក្នុងខេត្តព្រះវិហារ​ កាលជំនាន់លោករដ្ឋមន្រ្តី​ ត្រាំ​ អ៊ីវតឹក។

តាមសេចក្តីរាយការណ៍​ កញ្ចប់​ថវិកា​សម្រាប់​ជួស​ជុល​ផ្លូវ​ថ្នល់​ក្នុង​ខេត្ត​ព្រះវិហារ​ប្រមាណ​ជាង ​៣០០០​លាន​រៀលនេះ ​គឺ​បើក​ជា​បីជំហាន ​ដោយ​ជំហានទី​១ ​បើក​បាន​ជាង​១០០០​លាន​រៀល​ (យក​ទៅ​ធ្វើ​ផ្លូវ​មិន​អស់​៣០០​លាន​រៀល​ផង​)។​ ជំហានទី​២ ​បើក​បាន​ជាង​៨០០​លាន​រៀល​ (មិន​យក​ទៅ​ចំណាយលើ​ផ្លូវ​ទេ)​ និង​ជំហាន​ទី​៣ ​បើក​បានជាង​ ៦០០​លាន​រៀល​ យក​ទៅ​ជួស​ជុល​បន្តិច​បន្តួច​ ដើម្បី​បង្ហាញ​ថា ​មាន​សកម្មភាព​ធ្វើ​ខ្លះ​។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ លោក សំ​ លាងទ្រី​ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៥ មករា​ ២០១៨ បានប្រាប់អង្គភាព​សារព័ត៌មាន​ CAM POST ថា​ លោកមិនធ្វើឲ្យសម្តេចនាយករដ្ឋមន្រ្តី​ អភិបាលខេត្ត​ និងលោករដ្ឋមន្រ្តី​ ខកបំណងឡើយ​ លោកធានាថា​ លោកស្អាតស្អំ​ ជុំវិញរឿងនេះ។

បើតាម​ សំ​ លាងទ្រី​ ខ្ញុំសូមបដិសេធទាំងស្រុង​...... ហើយខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ប្រឆាំងអំពើពុករលួយ​ ប្រសិនបើរកឃើញថា​ ខ្ញុំពាក់ព័ន្ធការកឹបកេងថវិការដ្ឋប្រមាណ៣០០០លានរៀល​ 

លោកប្រធានមន្ទីរ បានបញ្ជាក់ថា​ ឆាប់ៗនេះ​ នឹងមានក្រុមអធិការកិច្ចចុះត្រួតពិនិត្យហើយ​ ប៉ុន្តែលោកមិនខ្លាចប្រឈមទេ​ ហើយលោកសូមធានាអះអាងថា​ នៅក្នុងខេត្តព្រះវិហារមិនមានទេ ផ្លូវសំបុកមាន់។

ក្រៅពីការចោទថា​ លោក​ សំ​ លាងទ្រី​ បានឃុបឃិតកឹបកេងលុយរដ្ឋ​ លោកក៏មានរឿងអាស្រូវមួយទៀតផងដែរ​ ដែលគេរិះគន់​ថា​ លោកបានយកថវិកាឯកជន​ ទៅទិញគ្រឿងចក្ររាប់សិបគ្រឿង​ ហើយយកមកជួលឲ្យមន្ទីរសាធារណការក្នុងតម្លៃខ្ពស់ ​ដោយមិនមានការដេញថ្លៃត្រឹមត្រូវ​ ប៉ុន្តែត្រង់ចំណុចនេះ​ លោកប្រធានមន្ទីបានច្រានចោល​។ លោកថា​ ពេលខ្លះលោកបានជួលគ្រឿងចក្រឲ្យរដ្ឋមែន​ ប៉ុន្តែមិនមានន័យថា​ ជួលគ្រប់គ្រឿងចក្រនោះទេ​។

អភិបាលខេត្តព្រះវិហារ​ លោក​ អ៊ុន​ ចាន់ដា​ បានប្រាប់អង្គភាពសារព័ត៌មាន ​CAM POST នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា​ “ យើងនឹងស្រាវជ្រាវ​រកការពិតជុំវិញរឿងនេះ​ ហើយយើងក៏ស្នើឲ្យក្រសួងបើកអធិការកិច្ចផងដែរ”

ទោះជាបែបណា​ អង្គភាពសារព័ត៌មាន​ CAM POST នៅរសៀលថ្ងៃទី២៥ មករា​នេះ​ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក​ ឯ​ ស៊ីម​សូរិយា​ បានទេ​ ដោយទូរសព្ទមិនចូល៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor