Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងថា កម្ពុជាអាចសិក្សារៀនសូត្របានពីប្រទេសជាមិត្ត គឺឥណ្ឌា ដើម្បីជំរុញកម្ពុជាឲ្យក្លាយទៅជារដ្ឋាភិបាលអេឡិចត្រូនិច (e-government) និងប្រជាពលរដ្ឋអេឡិចត្រូនិច(e-people)។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សព្វថ្ងៃ ឥណ្ឌាកំពុងមានការរីកចម្រើនជាច្រើនវិស័យ ជាពិសេសលើផ្នែកបច្ចេកវិទ្យា ដែលកម្ពុជាអាចសិក្សារៀនសូត្របានពីប្រទេសជាមិត្ត ដើម្បីជំរុញកម្ពុជាឲ្យក្លាយទៅជារដ្ឋាភិបាលអេឡិចត្រូនិច និងប្រជាពលរដ្ឋអេឡិចត្រូនិច ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែឆាប់រីកចម្រើនជឿនលឿននៅក្នុងសម័យកាលឌីជីថលនេះ ដែលជាតម្រូវការចាំបាច់របស់ពិភពលោកសព្វថ្ងៃ។

សម្តេច បន្តថា នៅថ្ងៃត្រង់នេះ នឹងចូលរួមពិធីលៀងសាយភោជន៍ជាមួយប្រមុខដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ដែលរៀបចំទទួលដោយ លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind ។

សម្តេចថា តាមពិត ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្នាជាច្រើនពាន់ឆ្នាំមកហើយ ក្នុងនោះមានទាំងទំនាក់ទំនងជំនួញជួញដូរ សិល្បៈ វប្បធម៍ អក្សរសាស្រ្ត និងជំនឿសាសនាជាដើម។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៨១ ក្រោយពីរំដោះប្រទេសបានពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់រដ្ឋាភិបាលកម្ពុជាមុនគេនៅពេលនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor