
លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ថា កងពលតូចថ្មើរជើងលេខ ៧០ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងកងកម្លាំងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវបានចល័តចេញពីបន្ទាយនៅផ្លូវជាតិលេខ៣ និងបញ្ជាការដ្ឋាននៅក្រុងតាខ្មៅ នៅម៉ោង១២ និង៣០នាទី យប់ និងម៉ោង១យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសនេះបន្ថែមថា កងទ័ព និងសម្ភារយោធាមួយចំនួន នឹងត្រូវចល័តនៅតាមដងផ្លូវសាធារណៈមួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅយប់នេះ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតកីឡាកងយោពលខេមរភូមិន្ទ នៅថ្ងៃស្អែកនេះ នៅឯមជ្ឈមណ្ឌលកោះពេជ្រ ដូចនេះកុំឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កងពលតូចថ្មើរជើងលេខ ៧០ នឹងដឹកជញ្ជូនតាមផ្លូវជាតិលេខ ៣ ឆ្លងកាត់តាមផ្លូវវេងស្រេង បត់ទៅមហាវិថី ម៉ៅ សេទុង និងធ្វើដំណើរតាមមហាវិថីសុធារស មុននឹងចូលទៅមជ្ឈមណ្ឌលកោះពេជ្រ ខណៈដែលកងកម្លាំងនៃបញ្ជាការដ្ឋានកងអង្គរក្ស នឹងត្រូវដឹកជញ្ជូនតាមផ្លូវជាតិលេខ ២១ ឆ្លងកាត់ផ្លូវជាតិលេខ ២ និងមហាវិថីនរោត្ដម មុននឹងចូលទៅដល់មជ្ឈមណ្ឌលកោះពេជ្រ។
អភិបាលរាជធានីភ្នំពេញរូបនេះ បានប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យយល់ច្រឡំ និងភ្ញាក់ផ្អើលនោះឡើយ ជុំវិញការចល័តកងប្រដាប់អាវុធ និងសម្ភារសឹកបែបនេះ។
កម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ គ្រោងធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណា សាលារាជធានីភ្នំពេញ មិនបានបញ្ជាក់ពីចំនួនកងកម្លាំងប្រដាប់ និងសម្ភារយោធា ដែលនឹងត្រូវបានដឹកជញ្ជូនសម្រាប់ចូលរួមក្នុងកម្មវិធីនៅថ្ងៃស្អែកនោះទេ។
