
កំពង់ស្ពឺៈ មនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តស៊ឺរ៉ែន របស់កងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ខណៈបើកវ៉ាជែងរថយន្តផ្សេងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ហើយផងដែរ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ ប្រាប់ឲ្យដឹងមុននេះបន្តិចថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ស្ថិតក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ធ្ងរ និង២នាក់ រងរបួសស្រាល បន្ទាប់ពីក្រឡាប់រថយន្តម៉ាក តូយូតា វីហ្គោ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៨៩១៦ របស់អង្គភាពអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ដែលបើកបរដោយឈ្មោះ ផាន់ មករា អាយុ៣០ឆ្នាំ យ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ឆ្ពោះមកថ្នល់ទទឹង ផ្លូវជាតិលេខ៤ ហើយបានវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត បណ្ដាលឲ្យក្រឡាប់ខ្លួនឯងតែម្ដង។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ រួមមាន ១/ឈ្មោះ ផាន់ មករា ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសធ្ងន់ ២/ឈ្មោះ ផូ សុស៊ីន ភេទប្រុស អាយុ២៨ឆ្នាំ របួសធ្ងន់ ៣/ឈ្មោះ ឆែម ឆៃយ៉ាង ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល និងអ្នកទី៤ រងរបួសស្រាល ប៉ុន្តែមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុការណ៍ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុតាមជំនាញ ហើយហៅរថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទាំង៤ ទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ៕

