
នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨ នេះ សាលាដំបូងខេត្តកោះកុង បានសម្រេចផ្តន្ទាទោសសកម្មជនការពារបរិស្ថានពីររូប របស់អតីតអង្គការមាតាធម្មជាតិ គឺលោក ហ៊ុន វណ្ណៈ និង ឌឹម គុណឌី ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់សម្រាប់សំណងរដ្ឋប្បវេណី ម្នាក់ចំនួន១លានរៀល។
តាមសាលដីការរបស់តុលាការសាលាដំបូង អ្នកទាំងពីរនឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅពេលពួកគេបានអនុវត្តទោសរយៈពេលប្រាំខែនៅក្នុងពន្ធនាគារ។
សកម្មជនទាំងពីរនាក់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ គិតមកដល់ពេលនេះអស់រយៈពេលជាង៤ខែមកហើយ ។
យុវជន ហ៊ុន វណ្ណៈ និង យុវជន ឌឹម គុណឌី ត្រូវបានតុលាការចោទពីបទ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍ តាមច្បាប់ព្រហ្មទណ្ឌ មាត្រា៤៩៤ និង៤៩៥ និងបទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល (ថតរូបមនុស្សណាម្នាក់) តាមច្បាប់ព្រហ្មទណ្ឌ មាត្រា៣០២។

