
អគ្គិសនីកម្ពុជា (EDC) បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ នៅជនបទក្នុងប្រទេសកម្ពុជា ដែលចង់ប្រើប្រាស់ភ្លើង (អគ្គិសនី) ថា នាយកដ្ឋានមូលនិធិអគ្គសនីភាវូបនីយកម្មជនបទ (ម.អ.ជ) របស់អគ្គិសនីកម្ពុជា មាន ” កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ” ។
គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្រនៅតំបន់ជនបទ អាចទទួលបានការតភ្ជាប់ចរន្តអគ្គិសីពីប្រព័ន្ធអគ្គិសនី (ភ្លើងរដ្ឋ)ដោយផ្តល់នូវប្រាក់កម្ចីគ្មានការប្រាក់ដើម្បីយកទៅ៖
១- បង់ថ្លៃការភ្ជាប់ចរន្តអគ្គិសនីឱ្យអ្នកផ្គត់ផ្គង់
២- បង់ថ្លៃប្រាក់កក់ឱ្យអ្នកផ្គត់ផ្គង់
៣- ចំណាយលើការទិញនិងរាយខ្សែពីចំណុចភ្ជាប់ចរន្តអគ្គសនីចូលផ្ទះរបស់ប្រជាពលរដ្ឋ
៤- ចំណាយលើការរៀបចំខ្សែបណ្តាញនិងឧបករណ៍អគ្គិសនីក្នុងផ្ទះដើម្បីតភ្ជាប់ចរន្តអគ្គសនីចូលផ្ទះ។
ប៉ុន្តែ ទឹកប្រាក់ដែលផ្តល់ឱ្យខ្ចី មិនលើសពីចំនួន ៤៨០ ០០០ រៀលក្នុង១គ្រួសារ។ ប្រាក់កម្ចីនេះនឹងទូទាត់តាមរយៈអ្នកផ្គត់ផ្គង់អគ្គិសនីដែលជាអ្នកទទួលខុសត្រូវចំពោះ ម.អ.ជ ក្នុងការប្រមូលពីអ្នកខ្ចី ដែលត្រូវសង់រំលស់១ខែម្តង ក្នុងរយៈពេល៣៦ខែ។
