
ព្រះវិហារៈ យុវជនម្នាក់ ត្រូវបានកម្លាំងសន្តិសុខអភិរក្សប្រាសាទព្រះវិហារ សហការកម្លាំងបរិស្ថានខេត្តព្រះវិហារ ឃាត់ខ្លួន ខណៈរូបគេកំពុងលួចធ្វើសកម្មភាពចូលលួចទៅអារ និងកាត់ឈើប្រភេទធ្នង់ នៅចំណុចក្រោមខាងជើងជាប់ជណ្តើរបុរាណ ដែលស្ថិតក្នុងតំបន់អភិរក្សប្រាសាទព្រះវិហា។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ស៊ឹម សុផាតមន្រ្តីអភិរក្សសន្តិសុខប្រាសាទព្រះវិហារ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង២៖១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងលើ។
លោក បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជនសង្ស័យឈ្មោះ ធី សុធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិចៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅជើងប្រាសាទ ហើយមកស្នាក់នៅទីនេះ រយៈពេល១ខែហើយ តាមរយៈមេខ្យល់។
ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា ករណីខាងលើ បើខ្មោចស្រុកមិនបើកដៃខ្មោចព្រៃក៏មិនហ៊ានចូលដែរ ឬក៏ម៉្យាងទៀតក្រុមប្រជាពលរដ្ឋបានលើកឡើងថា (ក្តាមកាត់ស្រែណានូវស្រែហ្នឹង)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងកម្លាំងសមត្ថកិច្ចសន្តិសុខប្រាសាទព្រះវិហារ កំពុងធ្វើការសួរនាំ ដើម្បីចងក្រងឯកសារបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕


