ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការស្នើសុំ ក៏ដូចជាមានកិច្ចព្រមព្រៀង រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសដៃគូដទៃផ្សេងទៀត អំពីការនាំយកពលករពីក្នុងស្រុក ទៅធ្វើការនៅបរទេស គឺជារឿងល្អ ដែលជាឱកាសការងារថ្មីមួយ ជាមួយនឹងប្រាក់ឈ្នួលខ្ពស់ និងមានឱកាស ដើម្បីឆាប់ចាប់យកមុខជំនាញថ្មីៗ នឹងចំណេះដឹងបន្ថែមទៀត នៅពេលត្រឡប់មកប្រទេសវិញ។
ប្រាប់ក្រុមអ្នកសារព័តមាន នៅក្រោយជំនួបពិភាក្សាការងារជាមួយ ក្រុមការងារទំនាក់ ទំនង របស់សាធារណរដ្ឋលីបង់ នៅព្រឹកថ្ងៃ២៩ មករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួង លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា នេះជាយុទ្ធសាស្រ្តមួយ ក្នុងការដោះស្រាយការងារ ទន្ទឹមនឹងបង្កើតការងារនៅក្នុងប្រទេស។
លោកបន្តថា ការបើកឱកាសការងារថ្មី ជូនដល់បងប្អូនពលករខ្មែរ ក្រោយត្រឡប់មកវិញ បងប្អូនពលករ អាចក្លាយជាធនធានមនុស្ស សម្រាប់បម្រើឲ្យសំណូមពរ នៃទីផ្សារ ការងារ ឬ មួយបង្កើតមុខរបរការងារថ្មី នៅក្នុងប្រទេស ជំរុញការអភិវឌ្ឍ ដើម្បីឈានទៅគោលដៅកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដែលនេះជាយុទ្ធសាស្រ្តមួយក្នុងការដោះ ស្រាយទៅលើបញ្ហាមុខរបរនិងការងារ ជូនដល់ប្រជាពលរដ្ឋ។
ទាក់ទងនឹងជំនួប រវាង កម្ពុជា និង លីបង់ នោះដែរ លោករដ្ឋមន្ត្រី មានប្រសានស៍ថា វាជាឱកាសមួយដ៏ល្អ បើសិនជាមានកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងលីបង់ ព្រោះថា លីបង់ជាប្រទេសមួយ មានការអភិវឌ្ឍ ហើយទន្ទឹមនឹងនេះ ក៏អាចពង្រីកទៅប្រទេសជិតខាង នៅក្បែរនោះ ស្ថិតនៅជាប់ អឺរ៉ុបទៀត។
លោកបញ្ជាក់ថា “នេះជាការជំរុញបង្កើតនូវឱកាស ក៏ដូចជាបើកទូលាយទីផ្សារការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេស យុវជនដែលមានចំណាប់អារម្មណ៍។ កន្លងមកយើងមានកិច្ចព្រមព្រៀង ជាមួយ កាតា និង អារ៉ាប់សាអូឌីត ហើយប្រសិនបើកម្ពុជា បង្កើតបានឱកាសជាមួយ លីបង់ថែមទៀត នោះក៏ជា ឱកាសដ៏ល្អ សម្រាប់ប្រជាពលរដ្ឋ ទៅធ្វើការនៅទីនោះផងដែរ”។
សូមបញ្ជាក់ថា សាធារណរដ្ឋលីបង់មកទល់បច្ចុប្បន្ន កំពុងទទួលពលករមកពីប្រទេសចំនួន៩ រួមមាន៖ ម៉ាដាហ្គាសកា អេត្យូពី បង់ក្លាដេស នេប៉ាល់ ហ្វីលីពីន សេរីលង្កា វៀតណាម ឥណ្ឌូណេស៊ី និងប្រទេសឥណ្ឌា ដែលមានប្រភេទការងារដូចជា ការងារក្នុងសណ្ឋាគារ ការងារផ្ទះ អ្នកលក់ក្នុងហាងទំនិញ ភោជនីយដ្ឋានហាងសាឡនសំអាង និងហាងកាត់សក់ជាដើម៕

