
លោក កែម រិទ្ធិសិទ្ធិ ប្អូនប្រុសបង្កើតលោក កែម ឡី ថាគណៈកម្មាការរៀបចំបុណ្យសព មិនបានកិបកេងលុយបុណ្យនោះទេ ហើយក្រុមគ្រួសារលោកមិនបានពឹងពាក់តុលាការឲ្យជួយរកការពិតក្នុងរឿងបច្ឆ័យបុណ្យនេះដែរ។ ប៉ុន្តែ លោកជំរុញឲ្យស្ថាប័នតុលាការ និងអាជ្ញាធរ ជួយវែកមុខរកឃាតកពិតប្រាកដ និងអ្នកនៅក្រោយ។ លោកយល់ថាចំណាត់ការរបស់តុលាការនេះ គឺជារឿងខុសឆ្គង និងប្រាស់ចាកពីសីលធម៌ ក្នុងព្រះពុទ្ធសាសនា។
លោកថា៖ គណៈកម្មាការទាំងអស់មិនបានពាក់ព័ន្ធលុយកាក់ទេ ព្រោះលោកជាអ្នកកាន់សពផ្ទាល់ ហើយការគ្រប់គ្រងលុយកាក់គឺក្រុមគ្រួសារខាងខ្ញុំ មានលោក និងបងស្រីលោក។
ដោយឡែក អ្នកស្រី កែម ថាវី ត្រូវជាបងស្រីបង្កើតរបស់លោក កែម ឡី បានសំដែងការខកចិត្តចំពោះចំណាត់ការនេះ ដោយថា រឿងបច្ឆ័យបុណ្យសព គឺបានកន្លងហួសទៅយូរហើយ ហើយក្រុមគ្រួសារ ក៏មិនចង់រំឭកទៀតដែរ។

អ្នកស្រីថា៖ក្នុងនាមគាត់ជាក្រុមគ្រួសារ គិតថា រកអាអ្នកឃាតក ហើយនិងអ្នកពាក់ព័ន្ធនឹងសិន ពីព្រោះរឿងបច្ច័យបុណ្យហ្នឹង គឺវាកន្លងហួសទៅយូរហើយ ហើយថវិកាដែលប្រជាពលរដ្ឋចូលមកហ្នឹង គឺជាថវិកា ដែលគាត់ចូលបុណ្យ។
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឲ្យឃុំខ្លួនអតីតគណៈកម្មាការបុណ្យសពលោក កែម ឡី បីរូបគឺ លោក ប៉ា ងួនទៀង លោក មឿន តុលា និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយចោទថា បានរំលោភទំនុកចិត្ត ពាក់ព័ន្ធលុយបុណ្យប្រមាណ៣០ម៉ឺនដុល្លារអាមេរិក។
