
កំពង់ស្ពឺៈ កម្លាំងនគរបាលផ្នែកគ្រឿងញៀនស្រុកឧដុង្គចាប់វាយខ្នោះមុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ ថានៅចំណុចព្រៃខាងលិចទំនប់អូស្នោរ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកឧដុង្គ មានការជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំងនគរបាលក៏បានចុះស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនមុខសញ្ញា៣នាក់ ទី១.ឈ្មោះ លីម សុងលី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ទី២.ឈ្មោះ មឹង វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣.ឈ្មោះ ឆោម មករា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិភ្នំទទឹង ឃុំជើងរាស ស្រុកឧដុង្គតែម្តង។

ប្រភពបានបន្តថា ជនសង្ស័យទាំង៣នាក់នេះ បានទៅបោះទីតាំងជាខ្ទមនៅក្នុងព្រៃកសម្រាប់ធ្វើការជួញដូរគ្រឿងញៀន។ ហើយខណៈដែលសមត្ថកិច្ចចុះបង្ក្រាបនោះ បានឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស៩កញ្ចប់ និងទូរស័ព្ទដៃ១គ្រឿង។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ឆោម មករា បានឲ្យដឹងថា នៅលើផ្ទះរបស់គេមានគ្រឿងញៀនខ្លះទៀត ហើយសមត្ថកិច្ចក៏បន្ដទៅឆែកឆេររកឃើញ៨កញ្ចប់ធំបន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យសម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕



