
កំពង់ធំៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវរថយន្តឡិចសុីស៤៧០១គ្រឿងបុកយ៉ាងពេញទំហឹង ខណៈកំពុងជិះម៉ូតូ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពុងសំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ស្រុន សំរឹត ហៅសិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ខ្មៅ បម្រុងឆ្លងចូលផ្ទះរបស់ខ្លួន។ លុះឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកឡិចសុីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-9919 បើកបរដោយឈ្មោះ សាយ សាម៉ន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅឃុំពាងកំសត់ ស្រុកពាងកំណត់ ខេត្តកោះកុង បោះពួយយ៉ាងលឿនពីត្បូងទៅជើងមកដល់ចាប់ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកយ៉ាងពេញទំហឹងផ្លោងមនុស្សស្លាប់ភ្លាមៗ និងអូសម៉ូតូចម្ងាយជិត១០០ម៉ែត្រ ដាច់ជា២កំណាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរមូលដ្ឋានបានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ចំណែកអ្នកបើកបររថយន្តបង្ក សមត្ថកិច្ចបានបញ្ជូនកាន់ទៅស្នងការខេត្តកំពង់ធំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ខណៈសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




