
ភ្នំពេញៈ បើកបរក្នុងសភាពស្រវឹង យោធាស័ក្ដិ៥ម្នាក់ និងគូកន ទើបចេញពីផឹកស៊ីនៅខារ៉ាអូខេផងនោះ បានបើករថយន្តកាមរីបាឡែនមួយគ្រឿង វ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿងទៀត ប៉ុន្តែដោយវ៉ាមិនបាន ក៏បើករថយន្តទៅកាក់ពីមុខរថយន្តកុងតឺន័រទាំងអាការៈខឹងសម្បារ ហើយស្ទុះយកកាំបិតទៅចាក់ និងដកកាំភ្លើងភ្ជង់អ្នកបើកបររថយន្តកុងតឺន័រ បណ្ដាលឲ្យរបួសខ្នង។ ទោះជាយ៉ាងណា ជនរងគ្រោះបានរួចផុតជីវិតពីក្រញ៉ាំឥន្ទ្រីកំណាច បន្ទាប់ពីសមត្ថកិច្ចអន្តរាគមន៍ជួយទាន់ពេលវេលា ពីក្នុងហេតុការណ៍ដ៏ហួសចិត្តនេះ។
ហេតុការណ៍មន្ត្រីរាជការអាងអំណាចបុណ្យស័ក្ដិ មិនបម្រើរាស្ត្រ បែរបង្កការភ័យខ្លាចដល់ប្រពលរដ្ឋខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៖១០នាទី អធ្រាត្រឆ្លងចូលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ឬហៅថា មន្ទីរពេទ្យលោកសង្ឃ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងទឹកដីសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម្ចាស់រថយន្តបង្កម៉ាក កាមរីបាឡែន ដែលជាមន្ត្រីយោធានោះ មានឈ្មោះ ខាត់ នីម ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ធ្វើការនៅនាយកដ្ឋានពិសេស នៃគណៈកម្មាធិការជាតិប្រឆាំងអំពើភារវកម្ម។ នេះតាមកាតសម្គាល់ខ្លួននៅក្នុងរថយន្ត ប៉ុន្តែនៅលើឯកសណ្ឋានក្នុងរថយន្តបង្កដដែលនោះ គេក៏មានឃើញអាវមន្ត្រីយោធារបស់ឈ្មោះ ខាត់ នីម បំពាក់ឋានន្តរស័ក្ដិថ្នាក់ វរសេនីយ៍ឯក (ស័ក្ដិ៥) ផងដែរ។
ចំណែកជនរងគ្រោះជាអ្នកបើកបររថយន្តកុងតឺន័រ ត្រូវបានគេស្គាល់ឈ្មោះ ញ៉ាន ឌួច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុន SP ស្នាក់នៅម្ដុំធនាគារជាតិ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។















