
សៀមរាបៈ ក្មេងប្រុសចិត្តខ្លាំងម្នាក់ ម្តាយវៃ២រំពាត់ ដោយសារមិនទៅរៀន បែរជាខឹងរត់ទៅទិញសាំងចាក់ដុតសម្លាប់ខ្លួនឯងស្លាប់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ គង់ ចា អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបន្ថែមថា មុនពេលកើតហេតុ ម្ដាយក្មេងប្រុសរងគ្រោះខាងលើ បានឲ្យគេទៅរៀន ប៉ុន្តែកូនគាត់មិនទៅរៀន បែរជាទៅស៊ីឈ្នួលកាប់ដំឡូង។ ពេលម្តាយដឹងថា អត់ទៅរៀនក៏ខឹង និងបានវាយ២រំពាត់(ដើមដំឡូង)។ សង្ស័យជនរងគ្រោះតូចចិត្ត និងខឹងម្តាយ ក៏ទៅទិញសាំងមកចាក់ស្រោចលើខ្លួន រួចដុតបណ្តាលឲ្យឆេះស្លាប់តែម្ដង។
ក្រោយកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅធ្វើកំណត់ហេតុ រួចប្រគល់សាកសពក្មេងប្រុសរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

