
ភ្នំពេញៈ យោងតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បានកោះហៅជនសង្ស័យម្នាក់ ឈ្មោះ ជា មុនី មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៦A ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឲ្យចូលខ្លួន។
ខ្លឹមសាររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ ៨០៣២ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ចេញដោយលោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជា មុនី ត្រូវចូលខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង ឈ្មោះ ដារ៉ា សុបញ្ញា និងឈ្មោះ កេតុ សុវណ្ណឌី ជាមេធាវីតំណាងដោយអណត្តឲ្យសហភាព និងសហព័ន្ធសហជីពប្តឹងពីបទញុះញង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។
អាស្រ័យហេតុនេះ សាមីខ្លួនត្រូវអញ្ជើញមកតាមដីកានេះឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងមកជាមួយ៕

