
ភ្នំពេញៈ មានការមន្ទិលថា លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ អាចជាប់ពាក់ព័ន្ធនឹងករណីកិបកេងថវិការដ្ឋចំនួនជាង៥លានរៀល តាមរូបភាពសុំចំណាយថវិកាតាមជំពូក៦៤ សម្រាប់ឧបត្ថម្ភមន្ត្រីមានជំងឺចំនួន១១នាក់ ប៉ុន្តែតាមពិតមន្ត្រីទាំងនោះ ពុំមានជំងឺ និងខ្លះមិនបានទទួលប្រាក់ឧបត្ថម្ភនោះទេ ពោល គឺគ្រាន់តែថ្នាក់លើពឹងឲ្យឈរឈ្មោះ ដើម្បីដកប្រាក់មកប្រើប្រាស់ការងារផ្សេងទៅវិញប៉ុណ្ណោះ។
មជ្ឈដ្ឋានអ្នកច្បាប់ និងសាធារណជនទាំងអស់ សំណូមពរសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យមើលករណីនេះ ដោយក្តីអនុគ្រោះ ព្រោះបើសិនជាការពិតមែននោះ ការកិបកេងនេះ នឹងក្លាយជាគំរូអាក្រក់មួយសម្រាប់ស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ នាពេលក្រោយៗទៀត។
តាមឯកសារមួយចំនួន បានបង្ហាញថា មន្ត្រីសាលាដំបូងចំនួន១១នាក់ ដែលស្ថិតក្នុងបញ្ជីដើម្បីសុំថវិកាចំណាយដោយជំងឺ មានលោក ភឹម ភី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ សុំច្បាប់ចំនួន២ថ្ងៃ មូលហេតុឈឺចង្កេះ រលាកឆ្អឹងត្រគាក។ នៅថ្ងៃទី២៥ ខែកុម្ភៈ លោក ភឹម ភី ដាក់ពាក្យសុំថវិកាចំនួន៤០៨.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត ជុំ សុខារី និងវិក្កយបត្រចេញដោយឱសថស្ថាន ចាន់ មុនី។
លោក ផាន់ រ័ត្នរិត្យា មន្ត្រីគ្រប់គ្រងរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ បានសុំច្បាប់២ថ្ងៃ មូលហេតុលើសឈាម និងលើសជាតិស្ករ ហើយបានស្នើសុំថវិកាចំនួន៥១៧.០០០រៀល។
លោក ចាន់ សុភាព ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ សុំច្បាប់ចំនួន៣ថ្ងៃ មូលហេតុរលាកពោះវៀន។ នៅថ្ងៃទី១២ ខែមីនា លោក ចាន់ សុភាព ដាក់ពាក្យសុំថវិកាចំនួន៤៥៥.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត ជុំ សុខារី និងវិក្កយបត្រចេញដោយឱសថស្ថាន ចាន់ មុនី។
លោកស្រី ថូ រតនា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ សុំច្បាប់ចំនួន២ថ្ងៃ មូលហេតុខ្សោយបេះដូង និងរលាកទងសួត។ នៅថ្ងៃទី១០ ខែកុម្ភៈ លោកស្រី ថូ រតនា បានដាក់ពាក្យសុំថវិកាចំនួន៥១៧.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជា ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត ជុំ សុខារី និងវិក្កយបត្រចេញដោយឱសថស្ថាន ចាន់ មុនី។ ប៉ុន្តែពេលទទួលប្រាក់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ទទួលប្រាក់ឧបត្ថម្ភបាន៤៦៦.០០០រៀល ពោលគឺ មិនគ្រប់ចំនួនតាមការសុំ។
លោកស្រី នង ស្រីមុយ ក្រឡាបញ្ជី នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៥ សុំច្បាប់ចំនួន២ថ្ងៃ មូលហេតុហត់ រលាកទងសួត និងលើសឈាម។ នៅថ្ងៃទី១៥ ខែកក្កដា លោកស្រី នង ស្រីមុយ ដាក់ពាក្យសុំថវិកាចំនួន៤៦៦.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត សាន ករុណា និងវិក្កយបត្រចេញដោយឱសថស្ថាន សំណាង សេរីភាព។ ប៉ុន្តែនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ទទួលប្រាក់ឧបត្ថម្ភបាន៤៨២.០០០រៀល ពោលគឺលើសពីចំនួនដែលសុំ។
កញ្ញា ស៊ី សុលក្ខិណា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ សុំច្បាប់ចំនួន៣ថ្ងៃ មូលហេតុរលាកពោះវៀន និងមេរោគក្នុងក្រពះ។ នៅថ្ងៃទី១១ ខែមិថុនា កញ្ញា ស៊ី សុលក្ខិណា ដាក់ពាក្យសុំថវិកាចំនួន៤៨២.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត សាន ករុណា និងវិក្កយបត្រចេញដោយឱសថស្ថាន សំណាង សេរីភាព។ ប៉ុន្តែពេលទទួលប្រាក់នៅថ្ងៃទី១៤ ខែមករា ឆ្នំា២០១៦ ទទួលប្រាក់ឧបត្ថម្ភបាន៣៦៤.០០០រៀល មិនគ្រប់ចំនួនតាមការសុំ។
កញ្ញា ធន់ វណ្ណធឿន ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ សុំច្បាប់ចំនួន២ថ្ងៃ មូលហេតុចុក និងគ្រុនពោះវៀន។ នៅថ្ងៃទី៤ ខែសីហា កញ្ញា ធន់ វណ្ណធឿន ដាក់ពាក្យសុំថវិកាចំនួន៣៦៤.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត ជុំ សុខារី និងវិក្កយបត្រចេញដោយឱសថស្ថាន ចាន់ មុនី។ ប៉ុន្តែពេលទទួលប្រាក់នៅថ្ងៃទី១៤ ខែមករា ឆ្នំា២០១៦ ទទួលប្រាក់ឧបត្ថម្ភបាន៤៥៩.០០០រៀល ពោលគឺលើសពីចំនួនដែលសុំ។
លោកស្រី តុប ទេវិន្ទ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ សុំច្បាប់ចំនួន២ថ្ងៃ មូលហេតុរោគស្ត្រី អស់កម្លាំង។ នៅថ្ងៃទី៩ ខែមេសា លោកស្រី តុប ទេវិន្ទ ដាក់ពាក្យសុំថវិកាចំនួន៤៥៩.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត ហៃ សេងហួរ និងវិក្កយបត្រចេញដោយឱសថស្ថាន មហាសម្បត្តិ ប្រភេទ ក។ ប៉ុន្តែពេលទទួលប្រាក់នៅថ្ងៃទី១៤ ខែមករា ឆ្នំា២០១៦ ទទួលប្រាក់ឧបត្ថម្ភបាន៤១៩.០០០រៀល ពោលគឺមិនគ្រប់ចំនួនតាមការសុំ។
លោក កេត កុល ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ សុំច្បាប់ចំនួន៣ថ្ងៃ មូលហេតុរលាកទងសួតរ៉ាំរ៉ៃ។ នៅថ្ងៃទី២០ ខែឧសភា លោក កេត កុល ដាក់ពាក្យសុំថវិកាចំនួន៤១៩.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត ជុំ សុខារី និងវិក្កយបត្រចេញដោយឱសថស្ថាន ចាន់ មុនី។ ប៉ុន្តែពេលទទួលប្រាក់នៅថ្ងៃទី១៤ ខែមករា ឆ្នំា២០១៦ ទទួលប្រាក់ឧបត្ថម្ភបាន៥៨៦.០០០រៀល ពោលគឺលើសចំនួនដែលសុំ។
លោក ហួត សំណាង មន្ត្រីគ្រប់គ្រងរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ សុំច្បាប់ចំនួន២ថ្ងៃ មូលហេតុផ្សិតពោះវៀន រលាកពោះវៀន។ នៅថ្ងៃទី៣១ ខែមីនា លោក ហួត សំណាង ដាក់ពាក្យសុំថវិកាចំនួន៥៨៦.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត សាន ករុណា និងវិក្កយបត្រចេញដោយឱសថស្ថាន សំណាង សេរីភាព។ ប៉ុន្តែពេលទទួលប្រាក់នៅថ្ងៃទី១៤ ខែមករា ឆ្នំា២០១៦ ទទួលប្រាក់ឧបត្ថម្ភបាន៥៦៣.០០០រៀល ពោលគឺមិនគ្រប់ចំនួនតាមការសុំ។
លោក ជួន ដា មន្ត្រីគ្រប់គ្រងរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ សុំច្បាប់ចំនួន២ថ្ងៃ មូលហេតុខ្សោយថ្លើម ចុកអស់កម្លាំង។ នៅថ្ងៃទី២៨ ខែកក្កដា លោក ជួន ដា ដាក់ពាក្យសុំថវិកាចំនួន៥៦៣.០០០រៀល សម្រាប់ព្យាបាលជំងឺ ដោយយោងវេជ្ជបញ្ជាចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ របស់លោកវេជ្ជបណ្ឌិត សាន ករុណា និងវិក្កយបត្រចេញដោយឱសថស្ថាន សំណាង សេរីភាព។ ប៉ុន្តែពេលទទួលប្រាក់នៅថ្ងៃទី១៤ ខែមករា ឆ្នំា២០១៦ ទទួលប្រាក់ឧបត្ថម្ភបាន៤៩៧.០០០រៀល ពោលគឺមិនគ្រប់ចំនួនតាមការសុំ។
សុំបញ្ជាក់ថា លើលិខិតសុំច្បាប់ លិខិតសុំប្រាក់ឧបត្ថម្ភ លើវិក្កយបត្រ និងបញ្ជីបែងចែកប្រាក់មន្ត្រីមានជំងឺសុទ្ធសឹងតែមានត្រា និងហត្ថលេខារបស់លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទាំងអស់។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ លោក តាំង ស៊ុនឡាយ បានធ្វើលិខិតទៅប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែលមានកម្មវត្ថុសុំចំណាយថវិកា(ជំពូក៦៤) ចំនួន៥.២១៦,០០០រៀល សម្រាប់មន្ត្រីមានជំងឺ១១នាក់។ យោងតាមលិខិតនេះ ជំនាញ និងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានឯកភាពតាមការស្នើសុំ។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ លោក តាំង ស៊ុនឡាយ បានធ្វើលិខិតទៅប្រធានរតនាគាររាជធានីភ្នំពេញ ដែលមានកម្មវត្ថុសុំចំណាយថវិកា(ជំពូក៦៤) ចំនួន៥.២១៦,០០០រៀល សម្រាប់មន្ត្រីមានជំងឺ១១នាក់។ បន្ទាប់មក ក្រសួងយុត្តិធម៌ បានចេញសាលាកបត្រកត់ត្រាចំណាយថវិកា និងត្រួតពិនិត្យហិរញ្ញវត្ថុ ដោយបានពិនិត្យ និងយល់ព្រមផ្តល់ទិដ្ឋាការធានាចំណាយមានចំនួន៥.២១៦,០០០រៀល។ បន្ទាប់មក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ លោក តាំង ស៊ុនឡាយ បានចុះហត្ថលេខា និងបោះត្រាលើសាលាកបត្រនេះ នៅត្រង់កន្លែងសម្រាប់អាណាប័កផ្ទេរសិទ្ធិ។ បន្ទាប់មក លោក តាំង ស៊ុនឡាយ ផ្តល់សិទ្ធិឲ្យលោក ហួត សំណាង ជាអ្នកទៅបើកប្រាក់នៅរតនាគារ។
ជុំវិញបញ្ហានេះ អ្នកសង្កេតការណ៍ម្នាក់ ប្រចាំការយកព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ បានជួបមន្ត្រីមួយចំនួនក្នុងចំណោមមន្ត្រីមានជំងឺទាំង១១នាក់នេះ ដើម្បីធ្វើការសាកសួរស្វែងរកការពិត។ លទ្ធផលមន្ត្រីទាំងនោះ បានទទួលស្គាល់ថា ពិតជាបានចុះហត្ថលេខាលើលិខិតទាំងអស់នេះមែន។ ប៉ុន្តែពួកគេខ្លះ ពុំមានជំងឺទេ គ្រាន់តែថ្នាក់លើសុំឲ្យជួយធ្វើ ដើម្បីដកប្រាក់ទាំងនេះ ទៅចំណាយលើការងារផ្សេងវិញ។ ចំណែក មន្ត្រីខ្លះទៀត បាននិយាយថា ពួកគេមិនដែលបានទទួលប្រាក់ទាំងនេះ សូម្បីតែមួយរៀលទេ តែមន្ត្រីផ្សេងទៀត បានទទួលស្គាល់ថា ថ្នាក់លើឲ្យ១០ម៉ឺនរៀល ជាថ្នូរនឹងការចុះហត្ថលេខា លើលិខិតទាំងអស់នោះ។
អ្នកសង្កេតការណ៍ដដែល បានអះអាងថា តាមការពិនិត្យឃើញថា ការរៀបចំឯកសារទាំងអស់នេះ មានការរៀបចំតាមលំដាប់លំដោយរដ្ឋបាលយ៉ាងរលូន តែនៅមានភ្លាត់ចំនុចខ្លះ។ តាមការសង្កេតចំណុចដែលភ្លាំងភ្លាត់ មានដូចជា កាលបរិចេ្ឆទនៃការសុំច្បាប់ ការសុំប្រាក់ឧបត្ថម្ភ វេជ្ជបញ្ជា វិក្កយបត្រ ដូចជាមានការរៀបចំទុកជាមុន ហើយវេជ្ជបណ្ឌិត និងឱសថស្ថាន ដែលចេញវិក្កយបត្រភាគច្រើន មានតែវេជ្ជបណ្ឌិត ជុំ សុខារី និង សាន ករុណា។ ចំណែកឱសថស្ថានភាគច្រើន មានតែឱសថស្ថាន ចាន់ មុនី និង សំណាង សេរីភាព តែប៉ុណ្ណោះ។ ចំនុចមួយទៀត គឺភ្លាត់ស្នៀតពេលធ្វើបញ្ជីបែងចែកប្រាក់មន្ត្រីមានជំងឺ ពោលគឺអ្នកខ្លះសុំច្រើនបានតិច និងអ្នកខ្លះសុំតិចបានច្រើនទៅវិញ។ ការភ្លាំងភ្លាត់នេះ ប្រៀបដូចសុភាសិតបុរាណខ្មែរចែងថា ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច តែភ្លេចហើយរឿងអីមិនភ្លាត់។
ជុំវិញការលើកឡើងខាងលើនេះ សារព័ត៌មាន Cam Post នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ពីសំណាក់ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ។ អង្គភាពសារព័ត៌មាន Cam Post និងមជ្ឈដ្ឋានមហាជន ទន្ទឹងរង់ចាំការពន្យល់គ្រប់ភាគីពាក់ព័ន្ធលើការចោទប្រកាន់ពីករណីអំពើពុករលួយខាងលើ៕







