
ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នៅថ្ងៃទី១៥ មករា ឆ្នាំ២០១៨ បានចាប់ខ្លួនបុរសម្នាក់បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ប្រគល់ឲ្យចៅក្រម ដើម្បីធ្វើការសាកសួរពាក់ព័ន្ធ ករណីឆបោកប្រាក់ជាថ្នូរ និងការធានាផ្ដល់ក្របខ័ណ្ឌយោធាឲ្យអ្នកដទៃក្នុងតម្លៃម្នាក់១២០០០ដុល្លារ។
ជនត្រូវចោទឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ ភេទប្រុស អាយុ៤២ឆ្នាំ មានអាស័យដ្ឋានលេខ ៨DP ផ្លូវលេខ២៥២ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ។
មន្ត្រីនគរបាល បានឲ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ គឺអនុវត្តតាមដីកាចាប់ខ្លួនរបស់ចៅក្រមឈ្មោះ ថាន់ ឡេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧។
ពាក់ព័ន្ធករណីនេះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីឆ្នាំ២០១៦ ឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ បានទទួលយកប្រាក់ពីមនុស្ស២នាក់ ក្នុងម្នាក់ៗចំនួន១២ ០០០ដុល្លារ ដោយធានារត់ការឲ្យមានក្របខ័ណ្ឌជាយោធា បើកាលណារត់ការមិនបាននឹងប្រគល់ប្រាក់មួយគុណនិង២ដងនៃចំនួនប្រាក់ដើម។ លុះក្រោយទទួលយកប្រាក់ហើយដល់ថ្ងៃកំណត់មកដល់មិនឃើញបានក្របខ័ណ្ឌស្អីសោះ ព្រមទាំងបាត់ឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ មិនឃើញនៅផ្ទះទៀត ទើបអ្នកប្រគល់ប្រាក់ឲ្យដាក់ពាក្យប្ដឹងតែម្ដងនៅថ្ងៃទី ២៩សីហា ឆ្នាំ២០១៦។

ក្រោយទទួលបានពាក្យបណ្ដឹង ព្រះរាជអាជ្ញាអមតុលាការបានកោះហៅជនសង្ស័យជាបន្តបន្ទាប់ តែជននេះបានគេចវេសមិនចូលមកតុលាការតាមការកោះហៅទេ ទើបនៅថ្ងៃទី២ មករា ឆ្នាំ២០១៧ តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ ពីបទឆបោក ហើយបញ្ជូនសំណុំរឿងមកឲ្យចៅក្រមចាត់ការបន្ត។
ពេលមកដល់ចៅក្រមស៊ើបសួរ ចៅក្រមតុលាការបានកោះហៅជនជាប់ចោទមកសួរទៀត តែឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ បានគេចខ្លួនមិននៅផ្ទះ ទើបនគរបាលបានបញ្ជាក់មកតុលាការវិញលើដីកាចុះថ្ងៃទី ០៧កក្ដដា ឆ្នាំ២០១៧ ទើបចៅក្រមសើបសួរសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទបញ្ជូនតុលាការដើម្បីចាត់ការតាមច្បាប់៕